Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​បក្ស​កុម្មុយនីស្ត​វៀតណាម​ថា នឹង​ចែករំលែក​បទពិសោធន៍​ដល់​កម្ពុជា​ក្នុង​សង្គ្រាម​ប្រឆាំង​កូ​វីដ​-១៩

ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​វៀតណាម V.N.A បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១ ដើម​សប្តាហ៍​នេះ ឯកឧត្តម ង្វៀន ហ្វូ​ជុក អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម បាន​ផ្ញើ​សារ​សួរសុខទុក្ខ​មួយច្បាប់​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយពី​បានទទួល​ព័ត៌មាន​ថា ប្រទេស​កម្ពុជា ជាពិសេស រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល ជា​ខេត្ត​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាម​កំពុងមាន​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដ៏​ធ្ងន់ធ្ងរ និង​គួរ​ឲ្យ​ព្រួយបារម្ភ​។​

​សារ​សួរសុខទុក្ខ​បានលើកឡើង​អំពី​ស្ថានភាព​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​នៅតែ​បន្ត​ប្រែប្រួល​ស្មុគស្មាញ ប៉ះពាល់​ដល់​ជីវភាព​សង្គម​-​សេដ្ឋកិច្ច​នៃ​ប្រទេស​នានា ដែល​ក្នុងនោះ​មាន​ទាំង​ប្រទេស​វៀតណាម និង​កម្ពុជា​ផង ហើយ​វៀតណាម សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​វិធាន​ការដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាន់យក និង​សំដៅ​បង្ការ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។​

​សារបាន​ថ្លែង​កោតសរសើរ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជឿជាក់​លើស​ម្តេច​តេ​ជោ លើ​ការណែនាំ​បញ្ជា​ដាច់​ណាត់ ទៅលើ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន សម្តេច​ជា​ប្រមុខ​ដឹកនាំ ថា នឹង​សម្រេចបាន​ដោយ​ជោគជ័យ​នូវ​ការ​រាំង​ស្កាត់​ការ​រាតត្បាត និង​ត្រួតត្រា​ស្ថានការណ៍​ជំងឺ​កូ​វីដ​-១៩ បាន​ក្នុង​កាល​វេលា​ដ៏​ឆាប់​បំផុត​។​

​ក្នុង​សារ​ដដែល​នេះ ក្រៅពី​បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ព្រមទាំង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​ចាក់​វ៉ាក់សាំង ជូន​មន្ត្រីរាជការ អង្គទូត​វៀតណាម និង​ជនជាតិ​កម្ពុជា​ដើមកំណើត​វៀតណាម ដែល​កំពុង​បំពេញភារកិច្ច រៀនសូត្រ និង​រស់នៅ​ប្រទេស​កម្ពុជា ឯកឧត្តម ង្វៀន ហ្វូ​ជុក បាន​ថ្លែង​នូវ​ការធានា អះអាង ជូន​សម​ភាគី​របស់ ឯកឧត្តម​ថា ៖ “ ដោយមាន​នូវ​ប្រពៃណី​សាមគ្គី​ជា​ប្រពៃណី ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​គ្រាក្រ បក្ស​-​រដ្ឋ និង​ប្រជាជន​វៀតណាម ត្រៀម​ជាស្រេច​ក្នុង​កិច្ចការ​សហការ ជួយឧបត្ថម្ភ​គាំពារ ចែករំលែក​បទពិសោធ​ន៍​តាម​សមត្ថភាព និង​លទ្ធភាព កៀក​ស្មា ជាមួយនឹង​កម្ពុជា​ក្នុង​សង្គ្រាម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ប្រទេស​យើង​ទាំងពីរ​ឆាប់​បាន​វិល​ទៅរក​សភាពការណ៍​ប្រក្រតី​ឡើងវិញ​”៕

មជ្ឈមណ្ឌល​ព័ត៌មាន CEN​

×