ជាការពិតណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលពុំមានប្រាក់ចំណូលអ្វីទាល់តែសោះ នោះពួកគាត់ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ជាពិសសគឺស្បៀងអាហារហូបចុកប្រចាំថ្ងៃតែម្តង ព្រោះតែក្នុងកាលៈទេសៈនៃការបិទខ្ទប់ (Lockdown) រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ យ៉ាងតឹងរ៉ឹងនៅពេលនេះ ពុំអាចឲ្យពួកគាត់អាចចេញទៅប្រកបមុខរបរបានទេ។

ជាក់ស្តែង រឿងនេះបានកើតឡើងហើយ ខណៈដែលស្ត្រីមេម៉ាយម្នាក់ មានកូន៣នាក់ក្នុងបន្ទុក បានសម្រេចចិត្តសរសេរសារបង្ហោះតាមហ្វេសប៊ុក ស្នើសុំជំនួយ ព្រោះតែពេលនេះគាត់ដាច់ស្បៀងហើយ។
តាមរយៈការចែករំលែកនៅលើហ្វេសប៊ុក នៅក្នុងសារនោះ គាត់បានសរសេររៀបរាប់ថា៖ «នាងខ្ញុំឈ្មោះ យិន ចាន់ណា ភេទស្រី អាយុ ៣៤ឆ្នាំ បានជួលបន្ទប់នៅក្រុមទី៥ ភូមិរោងចក្រ សង្កាត់គោកឃ្លៀង ខ័ណ្ឌសែនសុខ (ជាស្ត្រីមេម៉ាយមានកូន៣)ក្នុងបន្ទុក អត់មានការងារធ្វើដាច់ស្បៀងអាហារ។ (សុំជួយនាងខ្ញុំផងអត់មានអីហូបទេ)សូមមេត្តាដោយក្តីអនុគ្រោះផង។ ០១០៨៧៩៤៥៦/ ០៩៧៩៤៩៩៥១៥»។
តែយ៉ាងណា ក្រោយទទួលបានព័ត៌មាននេះភ្លាម នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ត្រូវបានដឹងថាបានចាត់ក្រុមការងារសង្កាត់ ឲ្យយកគ្រឿងឧបភោគបរិភោគ ជូនគាត់ដល់បន្ទប់ជួល ដើម្បីជួយរំលែកការលំបាកដល់គាត់បានខ្លះៗ នៅក្នុងគ្រាដ៏លំបាកគ្រប់ៗគ្នានេះ៕
រក្សាសិទ្ធិដោយ៖ លឹម ហុង






