ភ្នំពេញៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ CEN នៅថ្ងៃទី២១ ខែមេសា នេះថា អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៃក្រសួងការពារជាតិ បានជូនដំណឹងពីការចាក់វ៉ាក់សាំង លើកទី២ ជូនយោធិន និងគ្រួសារនៅតាមកងឯកភាពជុំវិញរាជធានីភ្នំពេញ ក្នុងដំណាក់កាលអនុវត្តវិធានការបិទទ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមគោលការណ៍របស់រាជរដ្ឋាភិបាល។
អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបានជម្រាបដល់យោធិន និងគ្រួសារ ដែលត្រូវចាក់លើកទី២ គឺចាប់ពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ មានគោលដៅចាក់វ៉ាក់សាំងនឹងចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងលើកទី២ ដែលតម្រូវឲ្យបង្ហាញបណ្ណចាក់លើកទី១ ទោះបីជាចាក់នៅទីតាំងអង្គភាពណាក្តី ក្រុមការងារនឹងចាក់ជូនទាំងអស់។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ដោយសារតែតំបន់មួយចំនួននៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញត្រូវបានបិទខ្ទប់ និងនៅក្រុងតាខ្មៅ នៃខេត្តកណ្តាល ហេតុនេះគណៈកម្មការជាតិគ្រប់គ្រងការបិទខ្ទប់ ក៏ដូចជាគណៈកម្មការប្ររតិបត្តិការបានសម្រេចថា គឺមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងខណ្ឌទេ ដូច្នេះយោធិន និងគ្រួសារដែលរស់នៅក្នុងខណ្ឌនិមួយៗ មិនអាចធ្វើដំណើរឆ្លងខណ្ឌមកចាក់វ៉ាក់សាំងលើកទី២ បាន ដូច្នេះគេត្រូវរៀបចំការវ៉ាក់សាំងលើកទី២ នៅតាមបណ្តាខណ្ឌនិមួយៗ ពោលគឺអ្នកណារស់នៅខណ្ឌណាដែលត្រូវដល់ពេលវេលាចាក់វ៉ាក់សាំងលើកទី២ គឺត្រូវចាក់នៅក្នុងខណ្ឌនោះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្តថា ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ គឺមានគ្រប់គ្រាន់ហើយ នៅពេលនេះដោយសារមានការចាក់វ៉ាក់សាំងនៅតាមខណ្ឌនិមួយៗ ហើយការងារចាក់វ៉ាក់សាំងនេះ គឺមិនមានបញ្ហាអ្វីទេ និងបានជូនដំណឹងទៅដល់ខាងពាក់ព័ន្ធអស់ហើយ ដើម្បីធ្វើកិច្ចការងារនេះឲ្យបានត្រឹមត្រូវតាមអ្វីដែលត្រូវអនុវត្តក្នុងរយៈកាលនៃការបិទខ្ទប់នេះ។
សូមជម្រាបថា អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៃក្រសួងការពារជាតិ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បានជូនដំណឹងពីការចាក់វ៉ាក់សាំង លើកទី២ ជូនយោធិន និងគ្រួសារនៅតាមកងឯកភាពជុំវិញរាជធានីភ្នំពេញ ក្នុងដំណាក់កាលអនុវត្តវិធានការបិទទ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមគោលការណ៍របស់រាជរដ្ឋាភិបាល៕
រក្សាសិទ្ធិដោយៈ ចេស្តារ








