ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ពីការសម្រេចលើកពេលអនុវត្តដំណើរការនៃការបោះឆ្នោតសាកល្បងសម្រាប់ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២១ ដែលគ្រោងនឹងអនុវត្តនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅក្នុងឃុំ សង្កាត់គោលដៅចំនួន ២៥ នៃ រាជធានី ខេត្តទាំងអស់ទូទាំងប្រទេស គឺដោយសារស្ថានភាពពនៃការឆ្លង រីករាលដាលជំងឺកូវីដ-១៩ កាន់តែធ្ងន់ធ្ងរឡើងៗ។
លោកស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានថ្លែងប្រាប់ CEN នៅថ្ងៃទី២១ ខែមេសា នេះថា ការលើកពេលអនុវត្តដំណើរការនៃការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ដោយសារតែការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលជាហេតុធ្វើឲ្យការជួបជុំគ្នាមិនបាន ។ ហើយការរៀបចំការបោះឆ្នោតសាកសល្បងនេះ ភូមិឃុំតិចមែនប៉ុន្តែវាមានការជួបជុំគ្នា និងជិតដល់ថ្ងៃដែលត្រូវដំណើរការនៃការបោះឆ្នោតសាកល្បង ក៏កើតមានសភាពការណ៍បែបនេះ វាជារឿងសត្យានុម័តមិនមែនអន្តោម័តទេ ហេតុនេះអត្តោម័តរបស់ គ.ជ.ប វាត្រូវស៊ីជាមួយសត្យានុម័ត គឺសភាពការណ៍បែបនេះ វានាំឲ្យមានការប៉ះពាល់ និងការរៀបចំរបស់គ.ជ.ប វាមានភាពមិនគម្បីចំពោះនយោបាយរបស់រដ្ឋាភិបាលផង និងអាយុជីវិតរបស់ប្រជាពលរដ្ឋដែលគេចូលរួមអាចមានការឆ្លងជំងឺកូវីដ១៩។
ប្រធាន គ.ជ.ប បានបញ្ជាក់ថា “បើយោងការងារនៅពេលខាងមុខមានការធូរស្រាល យើងនឹងធ្វើឲ្យបាននៅមុនការចុះបញ្ជីគណបក្សនយោបាយនៅចុងឆ្នាំ២០២១ខាងមុខនេះ ប៉ុន្តែឥឡូវយើងផ្អាកសិនដោយសារសភាពការណ៍នៃការឆ្លងជំងឺកូវីដ១៩ វាកាន់តែធំទៅៗ ហើយបើយើងធ្វើវាមិនសមស្របជាមួយនឹងបរិបទ ហេតុនេះយើងត្រូវធ្វើឲ្យវាស៊ីជាមួយនឹងបរិបទសិន”៕ រក្សាសិទ្ធិដោយៈ ចេស្តារ




