ភ្នំពេញ ៖ អនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញលទ្ធផលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ដែលបានចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ សរុបទាំងអស់ចំនួន ២១ទីតាំង ដោយ លទ្ធផល ទទួលបានដូចខាងក្រោម៖
លទ្ធផលក្នុងថ្ងៃទី១៦ ខែមេសា មានអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៩០៦នាក់ (បរទេសចំនួន ៤នាក់)។ គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ៦នាក់។
ដោយឡែកលទ្ធផលអ្នកចាក់វ៉ាក់សាំង នៅតាមបណ្តាទីតាំងទាំង២១ ដែលគ្រប់គ្រងដោយអនុគណៈកម្មការចំពោះកិច្ច សម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៩១៨៦៨នាក់ (បរទេសចំនួន៣៧៦៩ នាក់)។
ចាក់បានចំនួន ៨៨ ៨៩៩នាក់ (បរទេសចំនួន ៣ ៧៤៨នាក់)។ គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ២៩៦៩នាក់ (បរទេសចំនួន ២១នាក់)។
យោងតាម ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា អនុគណៈកម្មការចំពោះកិច្ច នឹងបន្តរៀបចំទីតាំងចាក់វ៉ាក់សាំង ជូនបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស ជាបន្តបន្ទាប់ទៀត នៅថ្ងៃទី២៩ ខែមេសាខាងមុខនេះ បន្ទាប់ពីក្រសួងសុភិខាបាលផ្អាក់ការចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃ (១៧-១៩ ខែមេសា ឆ្នាំ២០២១)។
យោងការណែនាំរបស់ ឯកឧត្តម អ៊ុត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នោះអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនកម្មករ និយោជិតបានចងក្រនិងគ្រូពេទ្យការងារ គ្រូពេទ្យប្រចាំរោងចក្រ និងគ្រូពេទ្យស្ម័គ្រចិត្តនានាបង្កើតជាក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង ចំនួន ៦០ក្រុម ដោយ ១ក្រុម មានគិលានុបដ្ឋាក និងគ្រូពេទ្យចំនួន ៨នាក់, អ្នកបញ្ចូលទិន្នន័យ និងអ្នកសម្របសម្រួលចំនួន ៧នាក់ និងមានសមត្ថភាពចាក់បានចំនួន ៤០០ដូស ក្នុងមួយថ្ងៃ។
ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងចំនួន ៣០ក្រុម នឹងចល័ត ចាក់វ៉ាក់សាំងចំនួន ២០ម៉ឺនដូស ក្នុងមួយខែ ជូនបងប្អូនកម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាស នៅក្នុងដែន រាជធានីភ្នំពេញ។ ដោយឡែកក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងចំនួន ៣០ក្រុមផ្សេងទៀត នឹងចល័តចាក់វ៉ាក់សាំងជូនបងប្អូនកម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាស នៅតាមបណ្តាខេត្តផ្សេងទៀតតាមការចាំបាច់ និងតាមចំនួនវ៉ាក់សាំងដែលមាន៕រក្សាសិទ្ធិដោយ៖CEN







