ជាក់ស្តែង យោងតាមគណនីហ្វេសប៊ុកឈ្មោះ Huot Heng Qds បានបង្ហោះសារថ្លែងអំណរគុណ និងរៀបរាប់ពីទឹកចិត្តផ្ទះម្ចាស់ជួលរបស់គាត់យ៉ាងដូច្នេះថា៖ «ខ្ញុំបាទ និងក្រុមការងារ R2Gate Dental Image Center សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់អុី លី សុខចេង ម្ចាស់ផ្ទះដែលមានសន្ដានចិត្តដ៏ល្អ មិនយកថ្លៃជួលផ្ទះតម្លៃ 1000ដុល្លារ ក្នុង1ខែ ចាប់ពីខែនេះរហូតដល់ស្ថានភាពត្រឡប់មកល្អវិញ។ ខ្ញុំមិនបានតេទូរស័ព្ទសុំគាត់ចុះថ្លៃ ឬមិនយកថ្លៃផ្ទះ តែបែរជាគាត់តេទូរស័ព្ទមកខ្ញុំប្រាប់ថា គាត់មិនយកថ្លៃផ្ទះវិញទៀត អរគុណអុីដែលយោគយល់គ្នាក្នុងគ្រាលំបាកនេះ»។
ភ្នំពេញ ៖ ការបង្ហាញនូវសេចក្តីស្រឡាញ់ ចេះយល់យោគ និងជួយយកអាសារគ្នា ក្នុងគ្រាដ៏លំបាកនៃសម័យកូវីដ ដែលកំពុងត្រូវបានបិទខ្ទប់នេះ គឺជារឿងដ៏សំខាន់ខ្លាំងណាស់ ដែលយើងគ្រប់គ្នា គួរតែធ្វើចំពោះអ្នកកំពុងមានការខ្វះខាត ក្នុងនាមជាខ្មែរដូចគ្នា។ មែនហើយ សន្តានចិត្តដ៏ល្អរបស់អ្នក បើទោះជាពុំបានអ្វីជាធំដុំតបស្នងមកវិញ តែអ្នកក៏ទទួលបានការដឹងគុណមិនភ្លេចឡើយ ពីមនុស្សដែលអ្នកធ្លាប់បានជួយ។
ក្រោយពីបានឃើញបែបនេះ ឃើញថាមានបងប្អូនជាច្រើន ជាពិសេសអ្នកជួលផ្ទះគេដទៃ បានចេញមកបង្ហាញក្តីរំភើបជំនួស និងក៏ដូចជាតូចចិត្តទៅនឹងម្ចាស់ផ្ទះជួលពួកគេ ដែលពុំបានទឹកចិត្តដូចម្ចាស់ផ្ទះចិត្តធម៌ខាងលើ។ ក្នុងនោះ ពួកគេបាននិយាយត្រង់ៗថា៖ «អុីចាស់រូបស្អាត ហេីយសន្តានចិត្តល្អណាស់, មិនដូចខ្ញុំទេបងមិនចុះដាច់ខាត, ម្ចាស់ផ្ទះគេអីក៏ល្អម្លេ៉ះលោក មិនដូចម្ចាស់ផ្ទះខ្ញុំសោះ កុំថាឡើយចុះ សូម្បីតែកន្ទុយ១រយរៀល ក៏មិនចោលដែរ, ចំណាំទុក បេីត្រូវជួលផ្ទះអី ទៅជួលផ្ទះគាត់ហេីយ,….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







