ភ្នំពេញ ៖ មែនហើយ ការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចេញចូល ដោយត្រូវរួមគ្នារក្សាការស្នាក់នៅផ្ទះមួយរយៈ គឺជារឿងដ៏សំខាន់ណាស់ ក្នុងការទប់ស្កាត់វីរុសរាតត្បាតកូវីដ១៩ ដើម្បីឲ្យឆាប់មានប្រសិទ្ធភាពបំផុត។ តែបើទោះជាបានដឹងថា នឹងត្រូវប្រឈមសមត្ថកិច្ចធ្វើការហាមឃាត់ ក៏បងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកលក់ដូរ ដែលពឹងតែលើមុខរបរមួយនេះ គឺពួកគាត់នៅតែព្យាយាមចេញពីផ្ទះ ដើម្បីរកលុយផ្គត់ផ្គង់ជីវភាប្រចាំថ្ងៃ។ ប៉ុន្តែ យ៉ាងណា សមត្ថកិច្ចក៏មានការយោគយល់ផងដែរ សម្រាប់បងប្អូនជាអាជីវករ។
ជាក់ស្តែង យោងតាមហ្វេសប៊ុករបស់ឧត្តមសេនីយ៍ឯក ស ថេត បានចែករំលែកនូវរឿងមួយដ៏គួរឲ្យរំភើបជាខ្លាំង ដោយក្នុងនោះលោកបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «កាលពីវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ស្របពេលដែលឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ចុះត្រួតពិនិត្យមេីលស្ថានភាពទូទៅតាមគ្រប់បណ្តាគោលដៅអនុវត្តវិធានការបិទខ្ទប់ ក៏បានជួបនឹងបងស្រីម្នាក់នៅម្តុំស្ពានអាកាសស្ទឹងមានជ័យ កំពុងតែដឹកបន្លែយកទៅលក់នៅផ្សារព្រែកព្នៅ បន្ទាប់ពីធ្វេីការសាកសួរ ដោយក្តីអាណិត ឯកឧត្តម ស ថេត ក៏បានទិញយកបន្លែពីបងស្រីទាំងអស់ក្នុងតម្លៃ ៦០មុឺនរៀល ដែលតម្លៃដេីមគាត់ទិញមកត្រឹមតែ ៣០មុឺនប៉ុណ្ណោះ ដេីម្បីឲ្យគាត់បានឆាប់ត្រឡប់ទៅផ្ទះជួបជុំក្រុមគ្រួសារ ហេីយឯកឧត្តម បានណែនាំដល់គាត់បេីមិនចាំបាច់សូមកុំចេញពីផ្ទះ ដោយចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។
បងស្រីម្នាក់នេះបានប្រែពីការភ័យខ្លាចស្មានតែសមត្ថកិច្ចចាប់ឃាត់ខ្លួន បែរជាមានការត្រេកអរ និងថ្លែងអំណរគុណដល់ឯកឧត្តម ស ថេត ដែលបានជួយម៉ៅយកបន្លែរបស់គាត់ទាំងអស់តែម្តង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














