ភ្នំពេញ ៖ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា នៅថ្ងៃទី២២ខែមេសា បានឲ្យដឹងថា យើងទទួលបានការណែនាំថា ជនបរទេសមួយចំនួនកំពុងរស់នៅក្នុងប្រទេសកម្ពុជា ដែលមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំង នៅតែត្រូវបានគេបានស្នើសុំឱ្យបំពេញឯកសារបន្ថែម ឬមាន “លិខិតពីស្ថានទូត” ។
សេចក្តីជូនដំណឹងដែលភ្ជាប់ក្នុងនេះ ចេញដោយរដ្ឋាភិបាលកម្ពុជា មានជាភាសាខ្មែរនិងអង់គ្លេស បញ្ជាក់ពីតម្រូវការសម្រាប់ជនបរទេស ដែលត្រូវចាក់វ៉ាក់សាំង គឺមិនមានត្រូវការលិខិតពីស្ថានទូតទេ។ នៅពេលចុះឈ្មោះចាក់វ៉ាក់សាំង សូមយកទៅជាមួយនូវឯកសារ ដូចជាទិដ្ឋាការនិងប័ណ្ណការងារ ដែលបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងនេះ ហើយប្រសិនបើអ្នកត្រូវបានស្នើសុំឳ្យមានលិខិតពីស្ថានទូត យើងណែនាំឱ្យអ្នកបង្ហាញឯកសារនេះជាភ័ស្តុតាង ដែលបញ្ជាក់ថាអ្នកមិនតម្រូវឳ្យមានលិខិតពីស្ថានទូតទេ។
សេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ យន្តការស្នើសុំចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្ត សម្រាប់ជនបរទេសនៅប្រទេសកម្ពុជា។
ដើម្បីឱ្យកិច្ចដំណើរការរៀបចំចាក់វ៉ាក់សាំងជូនជនបរទេសដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេស កម្ពុជា ប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព និងទាន់ពេលវេលា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ-១៩ បានរៀបចំយន្តការក្នុងការស្នើសុំចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តជូនដល់ជនបរទេសដែលកំពុងរស់នៅ ឬ កំពុងបម្រើការងារនៅក្នុងប្រទេសកម្ពុជា ដែលមិនស្ថិតនៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គ ការទ្វេភាគី ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ស្ថានទូតនៅកម្ពុជា ឬអង្គការស្របច្បាប់ក្នុងស្រុក (ដែលមានការសម្របសម្រួលដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ) មានដូចខាងក្រោម៖ ក. ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលខុសត្រូវរៀបចំបញ្ជីឈ្មោះជនបរទេស ដែលកាន់ទិដ្ឋាការធម្មតា ប្រភេទ(E) ហើយដែលមានប័ណ្ណការងារ (work permits) ចេញដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជជីវៈ រួមមាន៖ វិនិយោគិន ធុរជន ពលករជំនាញ សិល្បករ គ្រូពេទ្យ គ្រូបង្រៀន កីឡាករ ទីប្រឹក្សានានា អ្នកជំនាញការបរទេស ។ល។
ឯកសារតម្រូវ សម្រាប់ស្នើសុំចាក់វ៉ាក់សាំង៖
១. លិខិតឆ្លងដែនមានសុពលភាព
២. ទិដ្ឋាការដែលមានសុពលភាព ៣. ប័ណ្ណការងារ (work permits) ដែលចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ជនបរទេសក្នុងប្រភេទ(ក) ដែលបានស្នើសុំចាក់វ៉ាក់សាំង នឹងទទួលបានការជូនព័ត៌មានចាក់វ៉ាក់សាំងជាមុន ដែលការចាក់អាចស្របពេលជាមួយនឹងមន្ត្រី-បុគ្គលិក និងកម្មករ នៅតាមក្រសួង ស្ថាប័ន រោងចក្រ ក្រុមហ៊ុន ឬទីកន្លែងសមស្រប តាមកម្មវិធីចាក់វ៉ាក់សាំង របស់ក្រសួងសុខាភិបាល។
អាជ្ញាធរមូលដ្ឋាន រាជធានី ខេត្ត ក្រុងទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាអ្នកទទួលខុសត្រូវរៀបចំបញ្ជី ឈ្មោះជនបរទេសផ្សេងទៀត ដែលមិនស្ថិតក្នុង ប្រភេទ (ក) រួមមាន ៖ ពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែន បរទេស (មានទិដា្ឋការពិសេសប្រភេទ K) ជនបរទេសដែលបានរៀបការជាមួយពលរដ្ឋខ្មែរ ជនបរទេសចូលនិវត្តន៍ ជនបរទេសស្នាក់នៅស្របច្បាប់ រយៈពេលវែង ។ល។
ឯកសារតម្រូវសម្រាប់ចុះឈ្មោះចាក់វ៉ាក់សាំង៖
១. លិខិតឆ្លងដែនមានសុពលភាព ២. ទិដ្ឋាការដែលមានសុពលភាព ។
ជនបរទេសក្នុងប្រភេទ(ខ) នឹងទទួលការចាក់វ៉ាក់សាំង ស្របពេលជាមួយនឹងពលរដ្ឋខ្មែរ នៅតាមទីកន្លែងសមស្រប តាមកម្មវិធីចាក់វ៉ាក់សាំងរបស់ក្រសួងសុខាភិបាល៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ





