Thursday, December 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ រួមទាំង ភ្នាក់ងារ (agents) និងសេវាធនាគារហិរញ្ញវត្ថុផ្សេងទៀត នៅដំណើរការជាធម្មតា

ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី ២៣ ខែមេសានេះ បានជម្រាប សាធារណជនមេត្តាជ្រាបថា គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ រួមទាំង ភ្នាក់ងារ (agents) និងសេវាធនាគារហិរញ្ញវត្ថុផ្សេងទៀតរួមមាន ម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ នៅដំណើរការជាធម្មតាក្នុងព្រះរាជាណាចក្រកម្ពុជា។

ដោយឡែក ដោយមានការអនុញ្ញាត ក្រោមការណែនាំពីគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) នៅតំបន់ បិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល និងផ្នែកខ្លះនៃខេត្តព្រះសីហនុ ការិយាល័យសាខារបស់ គឹ្រះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងភ្នាក់ងារធនាគារមួយចំនួន នៅដំណើរការបើកបម្រើសេវា ហិរញ្ញវត្ថុជូនសាធារណជន និងអតិថិជនជាប្រក្រតី។

សមាគមទាំងពីរក៏សូមជម្រាបជូនសាធារណជនផងដែរថា អតិថិជន អាចដក និងដាក់សាច់ប្រាក់ ពីគណនីរបស់ខ្លួនតាមរយៈម៉ាស៊ីនដកនិងដាក់ប្រាក់ស្វ័យប្រវត្តិ (ATMs) ឬភ្នាក់ងារ ដែលមាននៅគ្រប់ខេត្តក្រុងនៃប្រទេសកម្ពុជា។ គ្រឹស្ថានធនាគារនិងហិរញ្ញវត្ថុ សូមលើកទឹកចិត្ត ផងដែរដល់អតិថិជន និងសាធារណជន ធ្វើការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីចៀសផុតពីការកាន់ក្រដាស់ប្រាក់ដោយផ្ទាល់ ដែលអាចបង្កឲ្យមានហានិភ័យតាមក្រដាសប្រាក់ ដែលមិនបានសម្លាប់មេរោគ។

ឆ្លៀតក្នុងឱកាសនេះដែរ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមថ្លែងអំណរគុណ យ៉ាង ជ្រាល ជ្រៅ ដល់រាជរដ្ឋាភិបាល អាជ្ញាធរនៃគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ (គ.ប.ខ) ធនាគារជាតិនៃកម្ពុជា អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានសម្របសម្រួលក្នុងការធ្វើដំណើរទៅបំពេញភារកិច្ច ការងាររបស់បុគ្គលិកធនាគារ និងហិរញ្ញវត្ថុ ដើម្បីឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នៅបន្តបម្រើសេវាហិរញ្ញវត្ថុដ៏ចាំបាច់ ជូនអតិថិជន និងសាធារណៈជន ដែលកំពុងចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩ជាពិសេសនៅក្នុងតំបន់បិទខ្ទប់នៃភូមិសាស្រ្តរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្ត កណ្តាល និងផ្នែកខ្លះក្នុងក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ៕រក្សាសិទ្ធិដោយ៖CEN

×