ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃទី២៣ខែមេសាឆ្នាំ២០២១ ទៅចែកជូនដល់បងប្អូន ប្រជាពលរដ្ឋចំនួន ២.១៦៣គ្រួសារដែលរស់នៅក្នុងតំបន់បិទខ្ទប់ ក្នុងសង្កាត់ទួលសង្កែទី១ចំនួន ១.៦៦៣គ្រួសារ និងសង្កាត់ទួលសង្កែទី២ចំនួន ៥០០គ្រួសារ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អំណោយរួមមាន អង្ករ២៥គីឡូ មីមួយកេស ទឹកសុីអុីវមួយយួរ ទឹកត្រីមួយយួរ និងត្រីខមួយយួរក្នុងមួយគ្រួសារ។
លោកបានមានប្រសាសន៍ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលស្ថិតក្នុងតំបន់បិតខ្ទប់ ស៊ូទ្រាំ អត់ធ្មត់ក្នុងកាលៈទេសៈ នេះ ដោយនៅតែក្នុងផ្ទះរយៈពេលខ្លី ដេីម្បីកាត់ផ្ដាច់ការរីករាលដាលឆ្លងពីខេត្តមួយទៅខេត្តមួយ ពីខណ្ឌមួយទីខណ្ឌមួយនិងភូមិមួយទៅភូមិមួយ ដេីម្បីបញ្ចប់មេរោគឆ្លងដ៍កាចសាហាវមួយនេះ ។
លោកបានបន្តទៀតថា មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកមិនដែលទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយអត់អាហារនោះទេ ហេីយការបិតខ្ទប់នេះ គឺដេីម្បីធានារក្សាអាយុជីវិត ជូនបងប្អូនអោយប្ជាពលរដ្ឋឲ្យរួចផុតពីការស្លាប់ ព្រោះជីវិតមិនអាចទិញបាននោះទេ៕ រក្សាសិទ្ធិដោយ៖ សារឿន






