ភ្នំពេញ ៖ ដូចដែលយើងទាំងអស់គ្នា បានដឹងហើយថា នៅក្នុងកាលៈទេសៈដ៏លំបាក នៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ កាន់តែខ្លាំង គឺពិតណាស់បានបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋទូទៅ។
ជាក់ស្តែង នៅពេលនេះ ឃើញថា មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន ក្នុងនោះជាពិសេស មិនថា កម្មករសំណង់ ឬកម្មករ-កម្មការិនីរោងចក្រនោះទេ ដែលបាននិងកំពុងជួបការលំបាកស្ថិតក្នុងតំបន់បិទខ្ទប់ កំពុងដង្ហោយស្នើុសុំជំនួយស្បៀងអាហារស្ទើរតែគ្រប់ៗគ្នា។
តែយ៉ាងណា ទន្ទឹមនឹងការលំបាកទាំងនេះ ឃើញថា រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ និងកំពុងដោះស្រាយបញ្ហាដ៏ប្រឈមនេះ តាមរយៈចាត់ចែងមន្រ្តីថ្នាក់ក្រោម ចុះចែកជាអំណោយស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតជាក់ស្តែង ជាបន្តបន្ទាប់ផងដែរ។
ដើម្បីជាការចូលរួមចែករំលែកនូវការលំបាកជាមួយរាជរដ្ឋាភិបាល គេក៏បានសង្កេតឃើញថា មានឧកញ៉ា និងសប្បុរសជនមួយចំនួន ក៏បានចេញមុខលះបង់នូវធនធានផ្ទាល់ខ្លួន ដើម្បីទិញស្បៀងអាហារជាច្រើន ដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាត ក្នុងគ្រាកំពុងលំបាកនេះគ្រប់ៗគ្នា។
ស្របជាមួយគ្នានេះផងដែរ ថ្មីៗនេះ គឺនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ គេស្រាប់តែបានឃើញ លោកឧកញ៉ា ហួត ជា ចេញមុខ មកអំពាវនាវធ្វើការរៃអង្គាសលុយពីបងប្អូនសប្បុរសជន តាមរយៈបណ្តាញសង្គមហ្វេសប៊ុក (គណនីលោកផ្ទាល់) ដើម្បីប្រមូលថវិកាយកទៅទិញស្បៀង ចែកជូន កម្មករ-កម្មការិនី និងប្រជាជនក្រីក្រដទៃទៀត នៅតំបន់បិទខ្ទប់។
តែទោះយ៉ាងណា ក៏មានមហាជនមួយចំនួន បានសម្តែងការមិនពេញចិត្ត ចំពោះកម្មវិធីមូលនិធិសប្បុរសធម៌របស់លោកឧកញ៉ាខាងលើនេះទេ ដោយបានលើកឡើងថា ក្នុងនាមជា ” ឧកញ៉ាមួយរូប ” មិនគួរណាមកអង្គុយរៃអង្គាសលុយបែបនេះសោះ ដែលនាំឲ្យខូចដល់ឈ្មោះឧកញ៉ាគេដទៃទៀតអស់ហើយ។ ក្នុងនោះ មានអ្នកខ្លះបានរិះគន់បែបនេះថា៖ «ខ្លួនឯងជា ឧកញ៉ា ហើយមានមុខរបរចង់ ១០០០ មុខ ចង់ជួយគេ បែរជាមករៃអង្គាសគេ… មិនដឹងគាត់គិតយ៉ាងម៉េច… អត់យល់!»។
មហាជនលើកឡើងថា ទង្វើរបស់ឧកញ៉ាហួត ជា មួយនេះ បើត្រឹមស្ដាប់មួយភ្លែត គឺថា ” ល្អ ” តែបើគិតឲ្យស៊ីជម្រៅទើបយល់ឃើញមួយបែបទៀត… ពោលគឺ អ្នកណាទៅទុកចិត្តថា នៅពេលដែលឧកញ៉ា ហួត ជា រៃអង្គារប្រាក់ពីសប្បុរជនហើយ តើមានគណនេយ្យភាពត្រឹមត្រូវទេ ដូចជា ការចំណាយទិញថ្លៃស្បៀង អាហារបរិភោគ-ឧបភោគ? ស្រួលមិនស្រួលក្លាយជាមេចំណែកដូចរឿងនិទាន ចចកចែក ” សាច់ត្រី ជូនទៅភេ ” យ៉ាងដូច្នោះអ៊ីចឹង… ( នេះ គ្រាន់តែជាការគិត និងព្រួយបារម្ភរបស់មហាជនប៉ុណ្ណោះ ) ហើយធាតុពិត ប្រសិនបើលោកឧកញ៉ា ហួត ជា ប្រមូលបានមូលនិធិពីសប្បុរសជន ហើយលៃលកចែកអំណោយយ៉ាងណានោះ ក៏គ្មាននរណាទៅដឹងថា ប្រមូលបានប៉ុន្មានចែកអស់ប៉ុន្មាននោះដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





