សហរដ្ឋអាមេរិកនឹងបញ្ចេញវ៉ាក់សាំងកូវីដ-១៩ AstraZeneca ដល់ទៅ ៦០ លានដូសទៅកាន់ប្រទេសក្រៅ។ ដោយសារតែមានការរិះគន់លើកឡើងថា រដ្ឋបាលលោក Biden បានបង្ខាំងវ៉ាក់សាំងទុក ខណៈប្រទេសផ្សេងទៀតកំពុងរងគ្រោះ។
លោក Andy Slavitt ទីប្រឹក្សាជាន់ខ្ពស់នៃសេតវិមានស្តីពីការឆ្លើយតប COVID បានសរសេរលើ tweetថា“ សហរដ្ឋអាមេរិកនឹងបញ្ចេញនូវវ៉ាក់សាំង AstraZeneca ចំនួន ៦០ លានដូសទៅប្រទេសដទៃទៀតនៅពេលពួកគេមានក្នុងស្តុក” ។
ការបញ្ចូលវ៉ាក់សាំងទៅកាន់ប្រទេសនានា លើពិភពលោកនោះគេមិនទាន់ដឹងច្បាស់ថាតើចំនួនវ៉ាក់សាំងប៉ុន្មានដែលត្រូវបានដឹកជញ្ជូនទៅកន្លែងណាឬកន្លែងណាដែលវ៉ាក់សាំងនឹងបញ្ចូលត្រូវទៅនោះទេ។
ប៉ុន្តែប្រធានាធិបតីលោក ចូបៃដិនបាននិយាយ តាមទូរសព្ទជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រាម៉ូឌីកាលពីថ្ងៃចន្ទកន្លងទៅដោយសន្យាថា ប្រទេសរបស់លោកនឹងគាំទ្រឥតឈប់ឈរ ចំពោះប្រជាជនឥណ្ឌាដែលរងផលប៉ះពាល់ដោយការកើនឡើងនៃករណីបច្ចុប្បន្ននេះ។
យោងតាមសេចក្តីថ្លែងការណ៍មួយលោក បៃដិន បានប្រាប់លោកម៉ូឌីថា សហរដ្ឋអាមេរិកកំពុងផ្តល់ជំនួយបន្ទាន់ជាច្រើន រួមមានការផ្គត់ផ្គង់ទាក់ទងនឹងអុកស៊ីសែន សម្ភារៈវ៉ាក់សាំង និងការព្យាបាលជាដើម។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានប្រាប់ក្រុមអ្នកយកព័ត៌មានថា រដ្ឋបាលចំណីអាហារ និងឱសថនឹងធ្វើការត្រួតពិនិត្យគុណភាពលើកម្រិតថ្នាំមុនពេលពួកគេត្រូវបានបញ្ជូនទៅបរទេស។ លោកស្រីបានបន្ថែមថា“ ក្រុមរបស់យើងនឹងចែករំលែកព័ត៌មានលម្អិតបន្ថែមទៀត អំពីផែនការរបស់យើងហើយអ្នកណានឹងទទួលបានការផ្តល់ជូនពីទីនេះ ប៉ុន្តែយើងកំពុងស្ថិតក្នុងដំណើរការរៀបចំផែនការសិន” ។
រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានស្ថិតនៅក្រោមសម្ពាធចំពោះការបង្កើនការរឹតត្បិត លើការនាំចេញវ៉ាក់សាំង និងការផ្គត់ផ្គង់វ៉ាក់សាំងខណៈពេលដែលប្រទេសឥណ្ឌា ជួបប្រទះនូវការកើនឡើងយ៉ាងខ្លាំង ពីមេរោគកូវីដ១៩ ស្របពេលដែលការផ្គត់ផ្គង់របស់សហរដ្ឋអាមេរិកហាក់ដូចជាមានការធានាកាន់តែខ្លាំងឡើង ក៏ប៉ុន្តែសម្រាប់តម្រូវការក្នុងស្រុក( អាមេរិក) ចាប់ផ្តើមធ្លាក់ចុះវិញ។
សូមជម្រាបថា ប្រជាជនអាមេរិកជិត ១៤០ លាននាក់នាពេលបច្ចុប្បន្នដែលបានទទួលវ៉ាក់សាំង ចំនួនមួយដូសគឺមានចំនួន ៤២ ភាគរយនៃប្រជាជន ឬស្នើ ៥៣ ភាគរយនៃចំនួនប្រជាជនពេញវ័យ។ ក្នុងនោះអត្រានៃករណីថ្មីរបស់កូវីដ ១៩ បានធ្លាក់ចុះម្តងទៀត ក៏ប៉ុន្តែការកើនឡើងការឆ្លងមានចំនួនតិចតួចដែលត្រូវបានលេចចេញមកវិញក្នុងរយៈពេលមួយខែនេះ។ យ៉ាងណាមិញ វ៉ាក់សាំងប្រភេទ Pfizer និង Moderna បានលេចចេញជារូបរាងដើម្បីចែកចាយចំនួន ៦០០ លានដូសរវាងវ៉ាក់សាំងទាំងពីរនៅចុងខែកក្កដាខាងមុខនេះ៕
ប្រភព៖ ABC News
រក្សាសិទ្ធិដោយ៖CEN