សុនកមួយក្បាលនៅប្រេស៊ីល បានដេករង់ចាំម្ចាស់វានៅមាត់ទ្វារមន្ទីរពេទ្យច្រើនខែមកហើយ។ ទោះបីមានការអាណិតអាសូរក៏ពុំមាននរណាពន្យល់ថាម្ចាស់ស្លាប់ ព្រោះតែរបួសធ្ងន់ធ្ងរពេក។
រឿងរ៉ាវពីសុនកកំសត់នេះ ត្រូវបានបុគ្គលិកពេទ្យឈ្មោះ Christina Sardella សរសេរបង្ហោះលើ Facebook អមដោយរូបថត។ តាមនាង Sardella គេពុំដឹងវាឈ្មោះអ្វីទេ ហើយវាបាននៅមាត់ទ្វារមន្ទីរពេទ្យ Santa Casa de Novo Horizonte នារដ្ឋ Sao Paolo កាលពីខែតុលា ឆ្នាំ២០១៧។
យប់នោះសុនក១ក្បាលនេះ បានរត់តាមពីក្រោយរថយន្តសង្គ្រោះ ដែលដឹកម្ចាស់វាចូលមកមន្ទីរពេទ្យ។ ម្ចាស់របស់វាគឺជាបុរសអានាថា វ័យ៥៩ឆ្នាំ ត្រូវបានចាក់ឲ្យរបួសជាទម្ងន់ តាមដងវិថីមួយ។ ទោះបីត្រូវបានសង្គ្រោះតែដោយរបួសធ្ងន់ធ្ងរពេកគាត់ក៏បាត់បង់ជីវិត។ ៤ ខែមកហើយ ក្រោយថ្ងៃដែលម្ចាស់របស់វាបានស្លាប់ សុនកនេះនៅបន្តដេករង់ចាំច្រកទ្វារចូលមន្ទីរពេទ្យ។ ដោយក្តីអាណិតអាសូរពេលឃើញទិដ្ឋភាពអណោចអធ័មបែបនេះ ព្រមទាំងពុំអាចបកស្រាយប្រាប់វាថា ម្ចាស់របស់វាបានស្លាប់ចោលវាហើយនោះ បុគ្គលិកមន្ទីរពេទ្យតែងឆ្លៀតពេលទំនេរផ្តល់អាហារ និងទឹកឲ្យវាផឹក។ ពួកគេក៏បានស្វែងរកមជ្ឈមណ្ឌលចិញ្ចឹមឆ្កែឆ្មាក្បែរនោះយកវាទៅដាក់ ប៉ុន្តែរៀងរាល់លើកមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែឃើញវាបង្ហាញខ្លួននៅកន្លែងដដែលពុំដឹងដោយវិធីណា។ ជាការបញ្ចប់សាច់រឿងលើ Facebook នាង Sardella សន្និដ្ឋានថា ៖ “មានរឿងរ៉ាវជាច្រើនយើងត្រូវរៀនពីសត្វវិញ ឆ្កែ១ក្បាលនេះកំពុងរង់ចាំក្នុងភាពអស់សង្ឃឹម ប៉ុន្តែការស្រឡាញ់របស់វាចំពោះម្ចាស់ពិតជាកម្រប្រទះសូម្បីតែមនុស្ស។
សុនកនេះត្រូវបានបុគ្គលិកមន្ទីរពេទ្យនាំគ្នាជួយថែទាំផ្តល់អាហារ។
គេបានយកវាទៅផ្ញើនៅមជ្ឈមណ្ឌលមួយក្បែរនោះ ប៉ុន្តែរៀងរាល់លើកវាតែងគេចត្រឡប់មកមន្ទីរពេទ្យវិញ៕ ចន្ទ្រា