ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍បញ្ជាក់ថា តាមផែនការដែលបានគ្រោងទុក គឺការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម នឹងប្រើរយៈពេល ១ខែ ក្នុងខែឧសភា គឺឲ្យហើយទាំងការចាក់លើកទី១ និងលើកទី២។ ការបញ្ជាក់របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយប្រគល់ភារកិច្ចរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺនៅខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា ទាក់ទងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម តាមផែនការដែលបានរៀបចំគឺចាក់រយៈពេល១ខែ ក្នុងខែឧសភា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមនៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូលឲ្យហើយរួចរាល់។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម គឺដោយសារតែនៅក្នុងរាជធានីភ្នំពេញ មានការឆ្លងរាលដាលជំងឺកូវីដ១៩ ខ្លាំងណាស់ ហើយជារៀងរាល់ថ្ងៃមានអ្នកឆ្លងកើនឡើងជាបន្តបន្ទាប់ ដូច្នេះភាពភ្លឺស្វាង និងចក្ខុវិស័យដល់ជាក់លាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថា យកវ៉ាក់សាំងទៅស្រោចនៅតំបន់ក្រហមឲ្យវាឃើញថា វ៉ាក់សាំងចូលទៅក្នុងរាងកាយអ្នកដែលមានហានិភ័យខ្ពស់ នៅក្នុងតំបន់ក្រហម គឺនៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល និងធ្វើយ៉ាងណាទប់ទល់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅតំបន់ក្រហមឲ្យមាននរសិទ្ធិភាព។
.
សូមជម្រាបថា ការបើកយុទ្ធនាការចាក់វ៉ាក់់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម គឺបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាឲ្យបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅដោយផ្តើមចេញពី «តំបន់ក្រហម»៕ រក្សាសិទ្ធិដោយៈ ចេស្តារ

