ព្រះសីហនុ៖ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសប្បទា សហការជាមួយតំណាងអង្គការជាតិអន្តរជាតិ ដែលជាដៃគូរអភិវឌ្ឃន៍ ធ្វើការពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងប្រទេសកម្ពុជា បាន បើកវគ្គបណ្ដុះបណ្ដាលស្តីពីបទដ្ឋានអប្បបរមា សម្រាប់ការថែទាំជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលស្នាក់នៅមជ្ឈមណ្ឌល និងបទដ្ឋានអប្បរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួយដូរមនុស្ស។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នាសាលប្រជុំ របស់ មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តព្រះសីហនុ។
វគ្គបណ្តុះបណ្តាលនេះ មន្ត្រីជំនាញ បានផ្តល់ការអប់រំដល់សិក្ខាកាម មកពីក្រសួងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងអង្គការដៃគូរអភិវឌ្ឍនានា អំពីនីតិវិធី នៃការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្សជាមូលដ្ឋាន ដើម្បីផ្តល់ភាពងាយស្រួលក្នុងការជួយផ្ដល់សេវាដល់ជនរងគ្រោះ និងជនងាយរងគ្រោះ ឲ្យទទួលបានសេវាសង្គ្រោះចាំបាច់ និងសមស្រប ដើម្បីដោះស្រាយតំរូវការបឋម។
នាឱកាសនោះ លោកស្រី ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដែលចូលរួមជាអធិបតី បានចាត់ទុកវគ្គបណ្ដុះបណ្ដាលនេះ ថានឹងផ្តល់នូវចំណេះដឹងអំពីនីតិវិធី នៃការកំណត់អត្តសញ្ញាណជនរងគ្រោះ ដើម្បីដោះស្រាយតំរូវការបឋមចាំបាច់ដល់ពួកគេ ឲ្យបានកាន់តែប្រសើរថែមទៀតនាថ្ងៃអនាគត។ លោកស្រីបន្តថា ក្រោមការដឹកនាំ របស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺប្រមុខដឹកនាំបានចាត់ទុកការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាសកម្មភាពអទិភាពមួយ ដែលរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់។
ចំណែក លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ ក៏បានចាត់ទុកវគ្គបណ្តុះបណ្តាលនេះ ថាមានសារៈសំខាន់ ដើម្បីឆ្លើយតបការងារទប់ស្កាត់ និងសង្គ្រោះជនរងគ្រោះ អំពើជួញដូរមនុស្ស នាខេត្តព្រះសីហនុ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល។ លោកស្រី ស្នើដល់សិក្ខាកាម មកពីស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលធ្វើការងារពាក់ព័ន្ធ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវចូលរួមសហការ និងផ្តល់នូវបទពីសោធន៍ល្អ ឲ្យគ្នាទៅវិញទៅមក ដើម្បីឈានទៅរួមគ្នាទប់ស្កាត់អំពើជួញដូរមនុស្ស ឬកុមា រឲ្យទទួលបានជោគជ័យ ស្របតាមការចង់បាន របស់រាជរដ្ឋាភិបាលបានកំណត់៕ ដោយ ៖ សត្យា