ភ្នំពេញ ៖ ប្រិយមិត្តបានជាច្រើន ប្រាកដណាស់បានទទួលជ្រាប និងហួសចិត្តរួចហើយ ទាក់ទងរឿងរ៉ាវកំប៉ិចកំប៉ុចក្លាយជារឿងអាប់មុខមាត់ល្បីពេញហ្វេសប៊ុក ចំពោះបុរសម្នាក់ជិះឡានរើសបានលុយ 20$ តាមផ្លូវ តែបានត្រូវក្មេងស្រីម្នាក់អះអាងថាជាលុយរបស់ខ្លួន ហើយពេលនាងសុំវិញ បែរជាផ្ទុះកំហឹងហែកលុយនោះឡើងខ្ទេច ដែលជាហេតុធ្វើឲ្យនាងអត់ទ្រាំពុំបានផុសផ្អើលតែម្តង។

នេះបើតាមគណនីហ្វេសប៊ុកក្មេងស្រីដែលបានអះអាងថាលុយ ២០ដុល្លារនោះជារបស់ខ្លួនមានឈ្មោះថា NiTh NiTh បានបង្ហោះរឿងរ៉ាវដ៏សែនហួសចិត្តនេះកាលពីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ឲ្យដឹងថា៖ «បងប្អូនជួយមើលទៅ លុយខ្ញុំជ្រុះ ហើយខ្ញុំសុំគាត់តាមសម្រួល ហើយម៉េចគាត់មិនព្រមឲ្យខ្ញុំ ហើយនិយាយចេញឡើងថា បើប្រាប់គាត់ពីដំបូងថាលុយខ្ញុំ គាត់ឲ្យបាត់ហើយ ចុះខ្ញុំប្រាប់ចាលុយខ្ញុំជ្រុះ ខ្ញុំសុំវិញបានអត់ពូ គាត់ថាមែនលុយខ្ញុំ ហើយខ្ញុំខំបកមករើសវិញហើយ ម៉េចគាត់នៅតែឱនរើសទៀត លុយ ២០ដុល្លារ វាមិនច្រើនទេសម្រាប់អ្នក តែច្រើនសម្រាប់ខ្ញុំធ្វើការរាល់ថ្ងៃ ទម្រាំបានលុយប៉ុនហ្នឹង សម័យកូវិដពិបាករកខ្លាំងណាស់»។
ទោះយ៉ាងណា ក្រោយឃើញរឿងរ៉ាវរបស់ខ្លួន ត្រូវបានមហាជនរិះគន់ស្អប់គ្រប់ៗគ្នា នៅមុននេះបន្តិចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ បុរសរងការចោទប្រកាន់ បានចេញមុខបកស្រាយ ដើម្បីបង្ហាញភាពស្អាតស្អំរបស់ខ្លួនហើយ។

តាមរយៈវីដេអូជិត ៨ នាទី បុរសរូបនេះដែលមានគណនីហ្វេសប៊ុកឈ្មោះ Boroeun Miech បានបញ្ជាក់ឲ្យដឹងថា កាលពីម្សិលមិញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ គាត់បានបើកឡានតាមផ្លូវ ក៏ឃើញលុយ 20$ ជ្រុះនៅលើផ្លូវ ប៉ុន្តែមិនដឹងថាជារបស់អ្នកណាទេ។ ហើយនៅពេលរើសរួច ដើរមកឡានវិញ ក៏មានប្អូនស្រីម្នាក់មកប្រាប់ថា លុយនេះគឺជាលុយបងរបស់នាងជ្រុះ។ ភ្លាមៗនោះ គាត់ក៏បានសួរថា បើបងទៅបាត់ហើយ ហេតុអីក៏លុយជ្រុះនៅទីនេះ ហើយប្រសិនបើជាលុយរបស់បងស្រីនាងមែន សូមខលទៅ ឲ្យបងស្រីមកយកមក គាត់សុខចិត្តចាំនៅទីនេះ។
បុរសអាប់មុខព្រោះតែលុយ ២០ដុល្លារ បានអះអាងបន្តថា ក្មេងស្រីនោះបាននិយាយថា បងស្រីរបស់នាងបានទៅដល់ផ្ទះហើយ ហេតុនេះ «គាត់បានប្រើនាងឲ្យមកយកពីពូឯងវិញ»។ ប៉ុន្តែ ដោយសារក្មេងស្រីនោះមិនទាក់ទងទៅបងស្រីរបស់នាង ដើម្បីបញ្ជាក់ការពិត និងណាមួយខ្លាចក្រែងជាលុយអ្នកផ្សេង គាត់ក៏មិនព្រមឲ្យ។ បន្ទាប់ពីគាត់បដិសេធឲ្យលុយ២០ដុល្លារនោះ ជាហេតុធ្វើឲ្យនាងបោះសម្តីថា «ចង់បានលុយខ្លាំងម្ល៉េះ ចាស់ហើយ ជិះសុទ្ធតែឡានខ្លួនសុទ្ធតែឡាន»។ តែដោយសារតែនាងនៅតែប្រើសំដីធ្ងន់ៗបែបនេះដដែលៗ ជាហេតុធ្វើឲ្យគាត់អត់ទ្រាំពុំបាន ក៏ហែកលុយហ្នឹងចោល រួចបើកឡានចាកចេញទៅតែម្តង។

តែយ៉ាងណា យើងរង់ចាំមើលការបកស្រាយរបស់ក្មេងស្រីទាំងអស់គ្នាវិញម្តង ខណៈពេលនេះ នាងក៏បានផុសថា៖ «តិចទៀត ខ្ញុំនឹងបកស្រាយពីអ្នកបងស្រី»។
ចំណែក លោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានសរសេរសារលើផេកហ្វេសប៊ុកនៅថ្ងៃទី១ឧសភាននេះថា បុរសដែលរើសបានលុយ២០ដុល្លារ ហើយហែកចោលមិនព្រមប្រគល់ទៅឲ្យម្ចាស់គេវិញ ព្យាយាមចេញវីដេអូពន្យល់ពីមូលហេតុ។
លោកឧត្តមសេនីយ៍ បានលើកឡើងថា “ខ្ញុំគ្រាន់តែរំលឹកថា លុយ២០ដុល្លានេះ មិនមែនជារបស់លោកទេ ទោះបីថាលោករើសបាននៅលើដី ក៏ប៉ុន្តែវាជារបស់អ្នកណាម្នាក់ដែលបានជ្រុះ។ លោកពិតជាគ្មានសិទ្ធិរើសលុយនេះ យកមកធ្វើជាទ្រព្យសម្បត្តិរបស់ខ្លួនទេ ប៉ុន្តែលោកអាចរើសយកវាទៅប្រគល់ឲ្យសមត្ថកិច្ច ដែលនៅជិតលោកបំផុត ដើម្បីថែរក្សាទុកឲ្យម្ចាស់គេវិញ”។

លោកបានបន្តថា “ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏ចង់រំលឹកដល់បងប្អូនកូនក្មួយគួរគប្បីយល់ថា វាជាបទល្មើសលួច បើអ្នករើសបានហើយ មិនព្រមប្រគល់ទៅឲ្យម្ចាស់ដើមនៃទ្រព្យវិញ ឬប្រគល់ទៅឲ្យសមត្ថកិច្ច ដើម្បីថែរក្សាទុកប្រគល់ទៅឲ្យម្ចាស់ដើម”។
កន្លងមក ខ្ញុំតែងតែឃើញបងប្អូនបង្ហោះថា ភ្លេចកាបូបនៅក្នុងបន្ទប់ទឹក ហើយត្រូវបានអ្នកផ្សេងយកទៅបាត់ នេះហើយជាបទល្មើសលួច ព្រោះចេតនាទុច្ចរិត បានកើតមានក្នុងគោលបំណង ចាប់យកទ្រព្យរបស់អ្នកដទៃ ដោយគ្មានការអនុញ្ញាត ពីម្ចាស់ទ្រព្យ ដើម្បីយកមកធ្វើជាទ្រព្យសម្បត្តិរបស់ខ្លួន។
ថ្ងៃក្រោយបើឃើញរបស់អ្នកដទៃភ្លេច ឬជ្រុះចូរដើរហួសទៅ របស់នោះវាក៏មិនបាត់ ចំណែកខ្លួនក៏មានសេចក្តីសុខ។
ការលោភលន់រមែងតែងវិនាសអន្តរាយដល់ខ្លួន។សូមអរគុណ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




