Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី កៀរគរសប្បុរសជនជាង៧០នាក់ បានថវិកាជាង៣០ម៉ឺនដុល្លារ ដើម្បីជួយពលរដ្ឋខ្វះខាត នៅតំបន់ក្រហមរាជធានីភ្នំពេញ

ភ្នំពេញ ៖ ក្រោមការផ្តួចផ្តើមពី អ្នកឧកញ៉ាបណ្ឌិតម៉ុង ឬទ្ធី សមាជិកសមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានកៀរគរ អ្នកឧកញ៉ា លោកឧកញ៉ា ប្រមាណជាង៧០នាក់ ដោយប្រមូលថវិកាបានប្រមាណជាង៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនមក
រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅតំបន់ក្រហមនៅក្នុងរាជធានីភ្នំពេញ។

ពិធីប្រគល់និងទទួលថវិកាខាងលើនេះ បានធ្វើឡើង នៅរសៀលថ្ងៃទី០៣ខែឧសភាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកអ្នកឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធី និងលោកជំទាវព្រមទាំង អ្នកឧកញ៉ា លោកឧកញ៉ា និងលោកជំទាវប្រមាណ ជាង១០រូបទៀត។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអ្នកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធីនិងលោកជំទាវ ព្រមទាំង អ្នកឧកញ៉ា លោកឧកញ៉ាទាំងអស់ ដែលបានបរិច្ចាគនូវថវិកាផ្ទាល់ខ្លួន ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចែកជូនទៅប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដែលការបិទខ្ទប់ដោយcovid-19 នេះ។ សកម្មភាពនេះ ពិតជាបានរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីជួយទៅដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ។ នេះជាគំរូដ៏ល្អមួយសម្រាប់កូនចៅជំនាន់ក្រោយទៀត ដើម្បីឱ្យពួកគេបានរៀនសូត្រ ក្នុងការចែករំលែកជួយគ្នា ក្នុងពេលដែលជួបនូវការលំបាកបែបនេះ។

លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ៖ថវិកាទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់ចែងយកទៅទិញស្បៀង អាហារជាបន្ទាន់ ដើម្បីបង្វែរ ដឹកបញ្ជូនទៅចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅតំបន់បិទខ្ទប់ ក្នុងរាជធានីភ្នំពេញ។

ចំណែកអ្នកឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធី ក្នុងឱកាសនោះដែរ បានមានប្រសាសន៍ថា៖ ការកៀរគរ អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវខាងលើនេះ ជាសកម្មភាពលើកទីមួយហើយ ដែលលោកអ្នកឧកញ៉ាបានកៀរគរ ដោយបានថវិកាសរុបចំនួនជាង៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ហើយយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នាពេលនេះ ដើម្បីឲ្យរដ្ឋបាលរាជធានី ធ្វើការចាត់ចែង ជូនបងប្អូនដែលមានការជីវភាពខ្វះខាត ក្នុងដំណាក់កាលជម្ងឺកូវីដ-១៩នេះ ។

អ្នកឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធីបានបញ្ជាក់ផងដែរថា ៖ការបង្វែរថវិកាប្រមាណជាង៣០ម៉ឺនដុល្លារ ជូនមករដ្ឋបាលរាជធានីភ្នំពេញ គឺដោយសារតែពួកយើងខ្ញុំទាំងអស់គ្នា ជឿទុកចិត្តមកលើអាជ្ញាធររាជធានីភ្នំពេញ ដោយជឿជាក់ថា អំណោយខាងលើនេះ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង នឹងធ្វើការចាត់ចែងជូន ទៅដល់ដៃបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត នៅតំបន់បិទខ្ទប់នេះមិនខាន។

អ្នកឧកញ៉ាម៉ុង ឬទ្ធី បានបញ្ជាក់ទៀតដែរថា ៖ក្រោយពីរួមគ្នា គ្រប់គ្រង ទប់ស្កាត់នូវការរីករាលដាល នៃជំងឺកូវីដ-១៩ បានហើយនោះ អ្នកឧកញ៉ា លោកឧកញ៉ានឹងមានឱកាស បានរកស៊ីឡើងវិញ។

គួរបញ្ជាក់ថា ៖ថវិកាដែលបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ មានចំនួន៣០២.២៥០ដុល្លារ បានមកពីការកៀរគរពីអ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវចំនួន៧៤រូប៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×