Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិចារណកថា ÷ កិច្ចការត្រូវធ្វើបន្ទាន់ សម្រាប់សង្គ្រោះប្រជាជននៅតំបន់ក្រហម

ភ្នំពេញ ៖ កាលពីពេលថ្មីៗប៉ុន្មានថ្ងៃមុននេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានថ្លែងប្រាប់ទូរទស្សន៍ជាតិកម្ពុជា ថា ពលរដ្ឋប្រមាណជាង ៥៧ម៉ឺននាក់ ដែលកំពុងរស់នៅក្នុងតំបន់ក្រហម ឬក៏ហៅបានថា តំបន់មានការឆ្លងរាតត្បាតធន់ធ្ងរគួរឱ្យបារម្ភខ្លាំងនៃមេរោគ SARS COVI-2 ដែលបណ្ដាលឱ្យកើតជំងឺកូវីដ-១៩នោះ ត្រូវទទួលបានការសម្របសម្រួល ឲ្យទទួលបានការចាក់បាក់សាំងពីក្រុមគ្រូពេទ្យនៃកងយោធពលខេមរភូមិន្ទ យ៉ាងពិសេសមួយ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។

នេះជាសញ្ញាថ្មីមួយ ដែលបានទទួលការណែនាំដ៏ខ្ពង់ខ្ពស់ពី សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥ នៃកងយោធពលខេមរភូមិន្ទ ដែលមានកូនប្រុសរបស់លោក ដ៏ប៉ិនប្រសប់ក្នុងការជួយពលរដ្ឋ ក្នុងយុទ្ធនាការសង្គ្រោះជីវិតពលរដ្ឋ កុំឱ្យធ្លាក់ក្នុងជ្រោះអវីចីមរណៈ ដែលបណ្ដាលមកពីមេរោគ SARS COVI-2 ដ៏កាចសាហាវ និងគ្រោះថ្នាក់បំផុត កំពុងកាន់តំណែងជាសមាជិកគណៈកម្មការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលបក្សប្រជាជនកម្ពុជា និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងភរិយា លោកជំទាវ ពេជ ចន្ទមុនី កំពុងដុតដៃដុតជើង ខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព និងលទ្ធភាពដែលមាន ដើម្បីជួយពលរដ្ឋកម្ពុជា ជាពិសេស ពលរដ្ឋនៅក្នុងតំបន់ក្រហម ដែលរួមមាន សង្កាត់មួយចំនួនតូច នៅរាជធានី ដែលកងទ័ពកំពុងសស្រាក់សស្រាំ ជួយប្រជាជន រាប់ទាំងការចែកស្បៀងសង្គ្រោះបន្ទាន់ ការឃ្លាំមើលសន្តិសុខសង្គម ការរៀបចំបង្កលក្ខណៈងាយស្រួលឲ្យពលរដ្ឋ បានចាក់វ៉ាក់សាំងនៅទីកន្លែងក្បែរផ្ទះផ្ទាល់ខ្លួន ផ្ទះជួល រោងចក្រ សហគ្រាស ក្រសួង-មន្ទីររដ្ឋ ដែលស្ថិតនៅក្នុងតំបន់ក្រហមនោះ។

ប៉ុន្មានថ្ងៃចុងក្រោយនេះ តំបន់ក្រហម ត្រូវបានទទួលការយកចិត្តទុកដាក់ ជាពិសេស តាំងពី គណបក្ស រាជរដ្ឋាភិបាល កងទ័ព ប្រយោជន៍ទប់ស្កាត់ការរីករាលដាលនៃមេរោគដ៏កាចសាហាវដែលផ្ដាច់ផ្ដិលជីវិតជនរួមជាតិកម្ពុជា អស់ជាង ១០០នាក់ រួចមកហើយ។ ស្បៀងអាហារ ថ្នាំសង្កូវផ្សេងៗ ជាពិសេស វ៉ាក់សាំង គ្រូពេទ្យកងទ័ព គ្រូពេទ្យស៊ីវិល គ្រូពេទ្យស្ម័គ្រចិត្ត ចំណានៗ កងទ័ពជើងគោក ឬទាហានលោក ហ៊ុន ម៉ាណែត ដែលហៅតាមពាក្យរបស់អ្នកស្រុក មានវត្តមាននៅទីនោះរួចជាស្រេចហើយ ក្នុងបំណងតែមួយគត់ គឺកាត់បន្ថយចំនួនអ្នកឆ្លងមេរោគ និងកាត់បន្ថយចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩។

មានការងារបន្ទាន់ៗជាច្រើន ដែលកម្លាំងគណបក្សប្រជាជនកម្ពុជា កងទ័ពប្រជាជន និងសង្គមទាំងមូល ត្រូវរួមដៃគ្នាជាធ្លុងមួយ ជួយសង្គ្រោះពលរដ្ឋនៅតំបន់ក្រហមជាពិសេស ដោយហេតុថា ប្រជាជនដែលកំពុងរស់នៅតំបន់ក្រហមភាគច្រើន ជាពលរដ្ឋក្រលំបាក មានចំណូលទាប ដោយអ្នកខ្លះបានបាត់បង់ការងារដែលមានចំណូលទាបនោះរួចជាស្រេចទៅហើយ ដែលនាំឲ្យជីវភាពរស់នៅ កាន់តែលំបាកថែមទៀត។

ការងារបន្ទាន់ទាំងឡាយ ដែលអាជ្ញាធរមានសមត្ថកិច្ច ទាំងយោធា នគរបាលស៊ីវិល ត្រូវសហការគ្នាធ្វើនេះ មានដូចជា ÷

១- ធ្វើបណ្ណស្ថិតិឲ្យបានសុក្រឹតនូវឈ្មោះពលរដ្ឋ និងក្រុមគ្រួសារដែលខ្វះស្បៀងដោយពិតប្រាកដ មិនមែនខ្វះស្បៀងតាមរបៀបធ្វើជាខ្វះស្បៀង ដោយមានការញុះញង់ពីក្រោយខ្នង សំដៅវាយប្រហារគ្មានហេតុផលមកលើ រាជរដ្ឋាភិបាលតេជោសែន ដែលកំពុងខ្នះខ្នែង ប្ដូរជីវិតដើម្បីសង្គ្រោះប្រជាជននោះឡើយ,

២- ធ្វើស្ថិតិឲ្យបានសុក្រឹត នូវឈ្មោះស្ត្រីមានផ្ទៃពោះគ្រប់ខែ ចាស់ជរា អ្នកជំងឺ កុមារតូចៗ ដើម្បីជួយសង្គ្រោះឲ្យបានភ្លាមៗពេលកើតហេតុជាយថាហេតុ ណាមួយ ដូចជាឈឺពោះឆ្លងទន្លេ ធ្លាក់ខ្លួនឈឺធ្ងន់ ចាស់ជរាស្លាប់បាត់បង់ជីវិត ដោយពុំមានផ្ទុកជំងឺកូវីដ-១៩,

៣- ផ្ដល់ស្បៀងអាហារជូនអ្នកខ្វះខាតពិតប្រាកដជាបន្ទាន់ បង្ការទុកជាមុនកុំឱ្យមានវិបត្តិមនុស្សធម៌,

៤- ប្រុងប្រយ័ត្នខ្ពស់ កុំឲ្យដាច់ទឹក និងដាច់ចរន្តអគ្គិសនី ព្រមទាំងបណ្ដាញទំនាក់ទំនងសង្គមផង,

៥- បញ្ឈប់ជាបន្ទាន់ការលក់ និងប្រើប្រាស់ភេសជ្ជៈស្រវឹង ដែលតាមគ្រូពេទ្យបញ្ជាក់ថា វាអាចមានហានិភ័យខ្ពស់ ប្រសិនបើមានការរាតត្បាត ឬឆ្លងជំងឺ,

៦- ការបង្កើនការបាញ់ថ្នាំសម្លាប់មេរោគ តាមដងផ្លូវសាធារណៈ នាពេលរាត្រីក្រោយពេលដែលប្រជាជនចូលដំណេក, និង

៧- ជំរុញឲ្យបានលឿននូវការចាក់វ៉ាក់សាំងជូនពួកគាត់ ដោយកាត់បន្ថយការសួរនាំរកសំបុត្រស្នាមយូរ នាំតែរំខានពេលវេលា បង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ឱ្យពួកគាត់បានចាក់វ៉ាក់សាំងកាន់តែឆាប់ កាន់តែលឿន កាន់តែល្អ , ជួយពួកគាត់ធ្វើយ៉ាងដូចម្ដេច កុំឱ្យមានការពពាក់ពពូនឈររង់ចាំយូរពេក ហើយការចាក់វ៉ាក់សាំងនោះ គួររៀបចំអាទិភាពតាមលំដាប់ និងផ្ដល់ការអនុគ្រោះដល់ស្ត្រីទន់ខ្សោយ។

គួររំលឹកថា សង្គមជាតិកម្ពុជាយើងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពពពាក់ពពូនរបស់ប្រជាជន ក្នុងការឈររង់ចាំចាក់វ៉ាក់សាំង ដែលគ្រូពេទ្យជំនាញថា ការធ្វើបែបនេះ វានឹងនាំឱ្យមានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគពីម្នាក់ទៅម្នាក់ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រទេសជាតិ។

ប្រជាជនកម្ពុជាទាំងអស់ ព្រមទាំងជនបរទេសផង ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ រស់នៅតាមទីតាំងក្នុងខណ្ឌពោធិ៍សែនជ័យ មានជ័យ ដង្កោ និងកំបូល ដែលត្រូវចាក់វ៉ាក់សាំងដោយកម្លាំងកងទ័ព ត្រូវប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន ដូចប្រសាសន៍ណែនាំរបស់មាតាសុខភាពសាធារណៈ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដែលលោកជំទាវ បានមានប្រសាសន៍ នាពេលថ្មីៗកន្លងមកនេះថា បងប្អូនអាចចាក់វ៉ាក់សាំងបានទាំងអស់គ្នា តែត្រូវមានសណ្ដាប់ធ្នាប់ កុំដណ្ដើមគ្នា កុំប្រេជ្រៀតគ្នា រក្សាគម្រាបសុវត្ថិភាពមួយម៉ែត្រកន្លះឡើង ពាក់ម៉ាសត្រឹមត្រូវ លាងដៃនឹងអាល់កុល ព្រមទាំងស្ដាប់តាមអាជ្ញាធរមូលដ្ឋានជាអ្នកសម្របសម្រួល ដើម្បីភាពងាយស្រួល សូមមេត្តាទាក់ទងតាមអាជ្ញាធរមូលដ្ឋានដែលខ្លួនរស់នៅជាមុន។

យើងទាំងអស់គ្នា ត្រូវតាំងខ្លួនជាយុទ្ធជនលើសមរភូមិ ប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ក្រោមកិច្ចដឹកនាំ និងបញ្ជាដោយផ្ទាល់ពីគណៈបញ្ជាការរួមឯកភាពនៃព្រះរាជាណាចក្រកម្ពុជា នោះគឺ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលមេបញ្ជាការរងទី១ នៃគណៈបញ្ជាការរងឯកភាពនេះ។

យុទ្ធជនរាប់លាននាក់ ត្រូវតែចូលរួមអនុវត្តដោយផ្ទាល់ផង ដោយប្រយោលផង ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩នេះ ដោយត្រូវជួយដល់កិច្ចការដែលត្រូវធ្វើបន្ទាន់ ដូចចំណុចដែលបានរៀបរាប់មកខាងលើ ដើម្បីមាតុភូមិប្រទេសកម្ពុជាយើងឆាប់ចាកផុតពីសង្រ្គាមមេរោគសាកល SARS COVI-2 ដ៏មហាខេត្តសាហាវនេះ ៕ មជ្ឈមណ្ឌលព័ត៌មាន CEN

×