តាកែវ ៖ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ លោក កង អាណាន់ អភិបាលក្រុងដូនកែវ រួមជាមួយមន្ត្រីសាលាក្រុង បានចុះផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ ២១៣ សខល របស់ក្រសួងសុខាភិបាល ស្តីពីភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព មានភូមិសាស្ត្រខេត្តតាកែវ កំពង់ចាម និងខេត្តកំពង់ស្ពឺ ទៅដល់បងប្អូនប្រជាពលរដ្ឋ នៅតាមទីផ្សារ ទីប្រជុំជន រោងចក្រ សហគ្រាស ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ដូរ គ្រឹះស្ថានឯកជន និងតាមមូលដ្ឋានសង្កាត់ទាំងបី ក្នុងក្រុងដូនកែវ ឲ្យចូលរួមគោរព និងអនុវត្តន៍តាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ឲ្យបានគ្រប់ៗគ្នា ដើម្បីទុបស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ១៩ ដែលកំពុងសាយភាយនៅតាមសហគមន៍ និងជៀសវាងពីការផាកពិន័យ បើសិនជាមិនបានពាក់ម៉ាស់ការពារ ។

សូមបញ្ជាក់ផងដែរថា នៅយប់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២១ម្សិលនេះ បានរកឃើញ អ្នកវិជ្ជមាន covid-19 ម្នាក់មានឈ្មោះ យិន សេរី ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលទើបត្រឡប់មកពីភ្នំពេញ ៕ រក្សាសិទ្ធិដោយ៖ តាកែវ






