ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ ករណីគ្រោះធម្មជាតិដ៏មិនធម្មតា ដែលបង្កឲ្យមានភ្លៀងធ្លាក់មួយមេធំ លាយឡំខ្យល់កន្រ្តាក់ដ៏ខ្លាំងក្លា បានបណ្តាលឲ្យដួលរលំដើមឈើ (សូម្បីតែដើមត្នោត) និងផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងត្រូវរងការខូចខាតយ៉ាងដំណំ ស្ថិតនៅក្នុងឃុំភ្នំតូច ស្រុកឧត្តង្គ ខេត្តកំពង់ស្ពឺ។
ប៉ុន្តែ អ្វីដែលធ្វើឲ្យប្រជាពលរដ្ឋ មានការភ្ញាក់ផ្អើលនោះ គឺក្រោយភ្លៀងធ្លាក់លាយឡំខ្យល់បក់បោកយ៉ាងខ្លាំងរួចមក ពួកគាត់បានរកឃើញនៅជុំវិញតំបន់ផ្ទះ គឺសុទ្ធតែដំុទឹកកកតូចៗ (ប៉ុនៗដុំទឹកកកអនាម័យ) រាយប៉ាយពាសពេញលើដីតែម្តង។
ក្នុងនោះ បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានចែករំលែកវីដេអូថតពីហេតុការណ៍ទឹកកកធ្លាក់ស្តែងៗ ដោយភ្ជាប់សារលាន់មាត់ថា «តាំងពីខ្ញុំកើតទើបជួប ស្រុកខ្មែរភ្លៀងធ្លាក់លាយទឹកកក មិនជួបផ្ទាល់មិនជឿ ភូមិវត្តភ្នំ ឃុំ ភ្នំតូច ស្រុក ឧត្តុង ខេត្តកំពង់ស្ពឺ 05/05/21»។
គួរបញ្ជាក់ថា ករណីបាតុភូតធម្មជាតិដ៏ចម្លែកនេះ មិនមែនកើតឡើងតែមួយកន្លែងទេ គឺនៅទីកន្លែងដទៃទៀត ក៏កើតមានដុំទឹកកកធ្លាក់ដូចៗគ្នាផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង