Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណង់”គោល”ប្រវត្តិសាស្ត្រសម័យអាណានិគមបារាំង តាមដងទន្លេមេគង្គ នឹងដាក់ជាសម្បត្តិបេតិភណ្ឌជាតិ

spot_img

ស្ទឹងត្រែង ៖ ថ្មគោលគឺជាសំណង់ដែលបានសង់ឡើងយ៉ាងរឹងមាំ សម្រាប់នាវាចរណ៍ផ្លូវទឹកតាមដងទន្លេមេគង្គ ខេត្តក្រចេះ- ស្ទឹងត្រែងដល់ព្រំ ដែនកម្ពុជា-ឡាវរហូតមកទល់នឹងពេលនេះ មានរយៈកាលរយឆ្នាំមកហើយ។

អ្នកស្រីញោច សារឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង បានប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៦ ខែ ឧសភាឆ្នាំ ២០២១ថា រាល់សំណង់ដែលសង់ឡើងមានអាយុកាលចាប់ពី ៥០ឆ្នាំឡើងទៅចាត់ទុកថា ជាសម្បត្តិបេតិកភណ្ឌជាតិ។ ចំពោះសំណង់ថ្មគោលនៅតាមដងទន្លមេគង្គខេត្តស្ទឹងត្រែង យើងអាចហៅបានថាជាសំណង់ប្រវត្តិសាស្ត្រ ឬសំណង់សម័យអាណានិគមបារាំង។ ចំពោះមុខសំណង់បែបនេះ អាចនឹងក្លាយជាសម្បត្តិបេតិកភណ្ឌរបស់ជាតិយើង។

ទាក់ទងទៅនឹងសំណង់តាមផ្លូវទឹកនេះដែរ លោកសរ គឹមណាត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែង បានប្រាប់ថា សំណង់គោលបានសង់ឡើង កាលពីសម័យអាណានិគមបារាំង មានចាប់ពីស្រុកសំបូរខេត្តក្រចេះ រហូត ដល់ព្រំដែនកម្ពុជា-ឡាវនៅតាមដងទន្លេមេគង្គ។

លោក សរ គឹមណាត បានប្រាប់ថា សំណង់បែបនេះ គឺជាបង្គោលចរាចរណ៍បង្ហាញផ្លូវទឹក ដោយសារផ្លូវទឹកពីខេត្តក្រចេះមកព្រំដែនកម្ពុជា-ឡាវ សម្បូរដោយថ្មទឹកហូរខ្លាំងការធ្វើដំណើរ តាមផ្លូវទឹកមានការលំបាកជួបឧបសគ្គច្រើន ទើបគេសង់បង្គោលស៊ីម៉ងត៍នៅតាមប្រឡោះផ្លូវទឹក នារដូវប្រាំងដើម្បីជាសញ្ញាងាយស្រួលសម្រាប់អ្នកបើកកប៉ាល់(កាបពីទែន)។

ការធ្វើដំណើរតាមផ្លូវទឹកនៅរដូវប្រាំង ទូកកាណូតកប៉ាល់ដែលអាចដឹកសម្ភារៈ ចំណុះចាប់ពី១០០តោនចុះក្រោម។ បើវស្សាចាប់ពីខែសីហាខែកញ្ញា ទូកធំអាចដាក់សម្ភារៈទំនិញ ឬដឹកប្រេងចំណុះចាប់ពីលើស ១០០តោនបាន។

កាលនោះគេប្រើកប៉ាល់ដឹកទំនិញពាណិជ្ជកម្ម ក្នុងតំបន់ឥណ្ឌូចិនពីក្រុងភ្នំពេញ ខេត្តកំពង់ចាម-ក្រចេះ-ស្ទឹងត្រែង ទៅចតនៅកំពង់ផែប្រទេសឡាវ។ អ្នកបើកនាវាឆ្លងកាត់ភូមិសាស្រ្តខេត្តស្ទឹងត្រែង ពិតជាជំនាញខ្លាំងណាស់។

ជំនាន់នោះកប៉ាល់ធំៗដឹកទំនិញពាណិជ្ជកម្មក្រុងភ្នំពេញ មកចតនៅក្នុងខេត្តក្រចេះ និងសាងបន្តពីខេត្តក្រចេះ មកស្ទឹងត្រែងទៅកំពង់ផែឡាវ។ អ្នកបើកទូកដឹកទំនិញពីភ្នំពេញមកចតត្រឹមក្រចេះ។ ផ្ទេរទំនិញពីផែខេត្តក្រចេះ មកស្ទឹងត្រែងតាមទូកគេហៅប្រភេទជើងបង្កងជាបន្ត។ ទូកជើងបង្កង គឺជាទូកស្លាបចាក់លើកចុះឡើង បានមានចង្កូតនៅខាងក្រោយនិងមានល្បឿនលឿន ងាយស្រួលដល់អ្នកបើកទូករេចុះឡើងតាមខ្សែទឹកហូរ ឆ្លងកាត់ថ្មគោលនីមួយៗ។ ទូកប្រភេទជើងបង្កងនេះមានចំណុះក្រោម១០០តោន អាចផ្ទុកទំនិញបាននិងមានទទឹងមិនលើសពី ១០ ម៉ែត្រទេ។ ពេលខែវស្សាទឹកទន្លេចាប់ផ្ដើមឡើងខ្លាំង អ្នកបើកទូកធំៗមិនបាច់ឆ្លងកាត់គោលនោះទៀតទេ។ គេធ្វើដំណើរក្បែរជ្រាំងទន្លេបាន។

កាលជំនាន់នោះ អ្នកបើកទូកនៅភ្នំពេញមិនហ៊ានបើកមកខេត្តស្ទឹងត្រែងទេ គឺបានត្រឹមខេត្តក្រចេះ។ គេជួលអ្នកស្ទឹងត្រែងទៅបើកទូកបន្តពីខេត្តក្រចេះ មកព្រំដែនឡាវ ព្រោះថាអ្នកស្ទឹងត្រែងស្គាល់ភូមិសាស្ត្រ មានជំនាញក្នុងការបើកទូក។

អំឡុងពេលបើកទូកចេញពីក្រចេះ មកដល់ស្រុកសំបូរចតសំរាក មួយយប់ត្រង់ចំណុចកោះដំបងជិតព្រំប្រទល់ ស្ទឹងត្រែងនិងបន្តមកទៀត ក្នុងរយៈពេលមួយយប់ ឬពីរថ្ងៃដល់ព្រំដែនឡាវ។ ពេលត្រឡប់ទៅវិញប្រើពេលមិនយូរទេ ដោយសារបើកទូកចុះតាម ទឹកហូរមានល្បឿនលឿន។

ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែង រម្លឹកថា ការសម័យរដ្ឋកម្ពុជា ទូកដឹកទំនិញពាណិជ្ជកម្មពីភ្នំពេញ មកក្រចេះចតនៅទីរួមខេត្តស្ទឹងត្រែង។ ទំនិញដែលដឹកបន្តពីស្ទឹងត្រែង ទៅព្រំដែនឡាវក្នុងភូមិសាស្ត្រឃុំព្រះរំកិល បច្ចុប្បន្នឃុំព្រះរំកិលជាប់ព្រំដែនឡាវ បានដាក់បញ្ចូលទៅក្នុងដែនដីរដ្ឋបាលស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

លោក សរ គឹមណាត បានលើកឡើងថា សំណង់នីមួយៗរបស់បារាំង កាលជំនាន់នោះមានភាពរឹងមាំណាស់ដូចជា សំណង់ ថ្មគោលដាក់សញ្ញាសម្គាល់ សម្រាប់នាវាចរណ៍ផ្លូវទឹក មានអាយុកាលរយឆ្នាំមកហើយ នៅតែរក្សាជាប់រឹងមាំ។ បង្គោលខ្លះបាក់បន្តិចបន្តួចប៉ុណ្ណោះ។ សំណង់ថ្មគោលនេះបានផុសចេញពីផ្ទៃទឹក នៅខែប្រាំង។ លុះដល់ខែវស្សាទឹកលិចរាល់ឆ្នាំ អ្នកបើកទូកមិនបាច់ឆ្លងកាត់តាមថ្មគោលនោះទៀតទេ។

ទោះបីជាសំណង់ថ្មគោលនេះ បានកន្លងទៅរយឆ្នាំមកហើយគ្រាន់តែ សឹករេចរឹលបាក់នៅធ្លាក់ជាកំណាត់ខ្លះក៏ដោយ។ នៅតែរក្សារឹងមាំជាប់បន្សល់ទុក រហូតដល់សព្វថ្ងៃនេះតាមដងទន្លេមេគង្គ។

លោកសរ គឹមណាត បានឲ្យដឹងថា ចំណុចពិសេសនៃសំណង់សម័យជំនាន់បារាំង មុននឹងសង់អ្វីមួយគេធ្វើដោយផ្ចិតផ្ចង់ យ៉ាងល្អលាយគ្រួសខ្សាច់ស៊ីម៉ងត៍ ត្រឹមត្រូវតាមក្បួនខ្នាត។

សព្វថ្ងៃនេះចរាចរណ៍ដឹកទំនិញ តាមផ្លូវទឹកបានកាត់ផ្ដាច់ទាំងស្រុង ដោយសារគមនាគមន៍ផ្លូវគោក បង្កលក្ខណៈងាយស្រួលធ្វើដំណើរ បានគ្រប់ពេលវេលាឆ្លងកាត់ពីរាជធានី ខេត្ត ក្នុងយុគសម័យប្រទេស មានការអភិវឌ្ឍដើរទៅមុខក្រោម ការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ផ្លូវទឹកទន្លេមេគង្គ ចាប់ពីចំណុចអន្លង់វិលព្រំដែនឡាវ ទៅរាជធានីភ្នំពេញ មានប្រវែង ៣៨៨ គីឡូម៉ែត្រ៕ រក្សាសិទ្ធិដោយ៖សំណាង

spot_img
×