ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ប៉ុស្តិ៍សង្កាត់ទួលស្វាយព្រៃទី១ ឃាត់ខ្លួនបុរសជនជាតិចិន២នាក់ បន្ទាប់ពីធ្វើសកម្មភាព ចាប់ចងជនជាតិដូចគ្នាម្នាក់ទៀត ក្នុងបន្ទប់ អាផាត់មែន របស់ខ្លួន សង្ស័យ ជាជាករណីចាប់ចំរិតនិងគំនុំគុំគួន បច្ចុប្បន្នកំពុងសើបសួរ ។
សមត្ថកិច្ចឱ្យដឹងថា៖ករណីជនជាតិចិន២នាក់ ចាប់ចងជនជាតិចិនម្នាក់ទៀតនេះ កើតឡើងនៅវេលាម៉ោងប្រមាណ ៣៖៣០នាតីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះ នៅចំណុច អាផាត់មែន សុខា ជាន់ទី១ បន្ទប់លេខ១០១ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ផ្លូវ៣១០ ខណ្ឌចំណការមន ។
សមត្ថកិច្ចបានឲ្យដឹងថា “មុនពេលកើតហេតុ ជនជាតិចិនទាំងពីរនាក់ ដែលស្នាក់នៅ អាផាត់មែន ខាងលើ (កំពុងស្វែងរកអត្តសញ្ញាណ) បានទូរស័ព្ទហៅ ជនជាតិចិនម្នាក់ទៀត មកកាន់បន្ទប់របស់ខ្លួន បន្ទាប់ពីជនជាតិចិនម្នាក់ទៀតមកដល់ ក៏ចាប់ចងបង្ខាំងទុកតែម្តង តែដោយសារជនរងគ្រោះ បានរើបំរាស់ និងស្រែករកការជួយអន្តរគម រហូតសន្តិសុខរបស់ អាផាត់មែន សុខា បានឡើងទៅ ឃើញហេតុការណ៍ដូចនេះ ក៏បានរាយការណ៍ មកកាន់សមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃទី១ រហូតឈានដល់ការឃាត់ខ្លួន ជនជាតិចិន ដែលជាជនសង្ស័យទាំងពីរនាក់ ព្រមទាំងជនរងគ្រោះមកកាន់បោះ ប៉ុស្តិ៍ទួលស្វាយព្រៃទី១ ដើម្បីសើបសួរ ។
អ្នកដឹងហេតុការណ៍ខាងលើឱ្យដឹងថា៖ជំហ៊ានដំបូង សមត្ថកិច្ចបានដាក់ការសង្ស័យថា ជាអំពើចាប់ចំរិត ហើយជនជាតិទាំង៣នាក់ អាចជាមិត្តភក្តិនឹងគ្នា ។បច្ចុប្បន្នករណីខាងលើនេះ ត្រូវបានលោក ហ៊ាង ថារ៉េត អធិការរងខណ្ឌចំការមន ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌកំពុងធ្វើការសើបសួរ ដើម្បីបន្តនិតិវិធីច្បាប់៕ ដោយ៖ជាលី