Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំបែកសំណុំរឿង​ឃាតកម្ម សម្លាប់​បុរស​ម្នា​ក់ដោយ​ចាប់​ជនសង្ស័យ​ទាំងបី​នាក់ និង​បីនាក់​ទៀត​កំពុង​គេចខ្លួន​

កណ្តាល​៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល បំបែកសំណុំរឿង​ឃាតកម្ម សម្លាប់​បុរស​ម្នាក់​យ៉ាង​សាហាវ​កាលពី​យប់​ថ្ងៃទី​១៥ ខែតុលា​។​​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៧ លោក​វរសេនីយ៍ឯក ទូច អ៊ី​ណាន មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល ទទួល​ផែន​នគរបាល​យុត្តិធម៌ បានធ្វើ​ស​ន្នី​សីទ​សារព័ត៌មាន​បង្ហាញមុខ​ជនសង្ស័យ​ទាំងបី​នាក់​ក្នុងចំណោម​បក្ខពួក​ទាំងអស់ ៦ នាក់​។​

លោក​វរសេនីយ៍ឯក ទូច អ៊ី​ណាន បាន​ឲ្យ​ដឹងថា​៖ អនុវត្តន៍​តាម​ភារកិច្ច​ស្នូល​របស់​កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និង​សង្គ្រោះ ដែលជា​យន្តកា​ដឹកនាំ​ដ៏​មាន​ប្រសិទ្ធិភាព​របស់ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ក្រោម​ការដឹកនាំ​បញ្ជា​របស់ លោក​ឧ​ត្ត​ម​សេនីយ៍ សំ តុលា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកណ្តាល កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កៀនស្វាយ និង​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ទូច អ៊ី​ណាន និង​ដោយមាន​ការសហការ​ពី​ជំនាញ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក្រោម​ការសម្របសម្រួល ពី​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកណ្តាល​។

​លោក​វរសេនីយ៍ឯក ទូច អ៊ី​ណាន បាន​ថ្លែងថា កម្លាំង​ជំនាញ​ចុះ​ស្រាវជ្រាវ​ករណី​ឃាតកម្ម​កាលពី​វេលា​ម៉ោង​២១ និង ៣០ នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​លើផ្លូវ​លំ ស្ថិតក្នុង​ភូមិ​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​ក្រោយ​កើតហេតុ​ភ្លាម​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត និង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បាន​ចុះ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ អស់​រយៈពេល​ជាច្រើន​ថ្ងៃ​រួចមក រហូតដល់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៧ វេលា​ម៉ោង ១៦ និង ៣០​នាទី ទើប​ជំនាញ​កំណត់​បាន​មុខសញ្ញា និង​ដោយមាន​ការសម្របសម្រួល​ពី​លោក លាវ ស្រេង ព្រះរាជអាជ្ញា​អម​សា​លលា​ដំបូង​ខេត្តកណ្តាល ក៏​ឈានទៅដល់​ការចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​បីនាក់​ជា​បន្តបន្ទាប់​ក្នុងចំណោម​ជនសង្ស័យ​ទាំង ៦ នាក់ ។


​ជនសង្ស័យ​ទាំង​បីនាក់​រួមមាន​៖ ១-​ឈ្មោះ ពេញ ស៊ី ណេង ហៅ ឡេង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​កា​ត់​ជី មាន​ទីលំនៅ​ភូមិ​ទួល​ដូង ឃុំ​គគីរ ស្រុក​គៀនស្វាយ ជា​ជនដៃដល់​ត្រូវបាន​ឃាត់ខ្លួន​នៅផ្ទះ​ជីតា នៅ​ភូមិ​ទួល​ដូង ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ២-​ឈ្មោះ ហួ កុសល ភេទ​ប្រុស អាយុ​១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ព្រូឡាន​កុង​ទី​ន័​រ មាន​ទីលំនៅ​ភូមិ​ទួល​ដូង ឃុំ​គគីរ ស្រុក​គៀនស្វាយ ជា​អ្នកសមគំនិត ឃាត់ខ្លួន​នៅ​កន្លែង​លេង​បាល់ទះ​ស្ថិត​ក្នុងភូមិ​ទួល​ដូង ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ៣-​ឈ្មោះ ស៊ឹម រិទ្ធី ហៅ ជ្រូក ភេទ​ប្រុស អាយុ​២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកឡាន​ដឹក​ដី​មាន​ទីលំនៅ​ភូមិ​ដូន​ស ឃុំ​គគីរ ស្រុក​គៀនស្វាយ ខេត្តកណ្តាល ឃាត់ខ្លួន​នៅ​ជិត​ស្តុ​ប​ផ្សារ​មាន់​អាំង ខណ្ឌទួលគោក វេលា​ម៉ោង​២១ និង ៣០​នាទី ជា​អ្នក​ឌុប​ជនសង្ស័យ​ធ្វើ​សកម្មភាព កាប់​លើ​ជនរងគ្រោះ​រួម​នឹង​បក្ខពួក​ចំនួន ៣​នាក់​ទៀត (​ជា​អ្នកផ្តើមគំនិត​) កំពុង​គេចខ្លួន ។ ហើយ​នៅ​រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧ កម្លាំង​ជំនាញ​បាន​នាំ​ជនសង្ស័យ​ឈ្មោះ ពេញ ស៊ី​ណេង ទៅ​ចង្អុលបង្ហាញ​រុករក​វត្ថុតាង​ដែល​លាក់ទុក និង​មធ្យោបាយ​រួមមានៈ ១-​ដាវ​ចំនួន ២ ដើម ២-​ម៉ូតូ C-125 ចំនួន​មួយគ្រឿង ជា​ម៉ូតូ​ដែល​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​។

​បច្ចុប្បន្ន ជនសង្ស័យ​ទាំងបី​នាក់ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តកណ្តាល កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។​

​លោក​វរសេនីយ៍ឯក ក៏បាន​អោយដឹង​ផងដែ​រថា​៖ នៅវេលា​ម៉ោង ២១ និង ៣០ នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៧ ឈ្មោះ ប៉ែត ឈ្មោះ លីន និង​ឈ្មោះ ធា (​ដែលជា​ជនសង្ស័យ​កំពុង​គេចខ្លួន​) បាន​ជិះ​ម៉ូតូ​ពីរ​គ្រឿង​មក​ប្រាប់​ឈ្មោះ ពេញ ស៊ី​ណេង ឈ្មោះ ស៊ឹម រិទ្ធី និង​ឈ្មោះ ហួ កុសល ថា​៖ ផ្ទះ​ផឹកស៊ី​គប់​មកលើ​ពួក​ខ្ញុំ ដែល​ម្ចាស់ផ្ទះ​មានឈ្មោះ គាត ភារ​ម្យ ស្ថិតក្នុង​ភូមិ​ទួល​ដូង ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល និយាយ​គ្នា​ចប់​ជនសង្ស័យ​ទាំង ៦​នាក់ ជិះ​ម៉ូតូ​ទៅមកៗ​កាត់មុខ​ផ្ទះ​នោះ រង់ចាំ​ធ្វើ​សកម្មភាព ។ លុះដល់​ម៉ោង​២១ និង ៣០​នាទី ឈ្មោះ គៀត ភារ​ម្យ និង​ឈ្មោះ ធី ប៊ុន​ធី​ម បាន​ជូន​ឈ្មោះ រស្មី សា​ម៉ា​ឌី ទៅផ្ទះ​វិញ ដោយ​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាកវ៉េវ ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FP.3194 គឺ​ឈ្មោះ គៀត ភារ​ម្យ ជា​អ្នក​ឌុប​ចំណែក​ឈ្មោះ​ធី ប៊ុន​ធី​ម អង្គុយ​កណ្តាល រីឯ​ឈ្មោះ រស្មី សា​ម៉ា​ឌី អង្គុយ​ខាងក្រោយ មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង ជិះ​ឌុប​គ្នា​ពីរ​នាក់ មានឈ្មោះ ស៊ឹម រិទ្ធី ហៅ ជ្រូក ជា​អ្នក​ឌុប និង​ឈ្មោះ ពេញ ស៊ី​ណេង ហៅ ឡេង អង្គុយ​ពីក្រោយ​កាន់​ដាវ​មួយ​ដើម​ផង ជិះ​ក្នុងទិសដៅ​ស្របគ្នា ហើយ​បាន​កាប់​មកលើ​ឈ្មោះ រស្មី សា​ម៉ា​ឌី ចំ​ខាងក្រោម​គុម្ពត្រចៀក​ខាងឆ្វេង​ដាច់រយះ ប្រវែង ៥,៥០ សង់ទីម៉ែត្រ បណ្តាលអោយ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ចំណែកឯ​ជនសង្ស័យ ពេលធ្វើ​សកម្មភាព​រួច​បិត​ភ្លើង​ម៉ូតូ​ជិះ​រត់គេចខ្លួន​ដោយ​យក​វត្ថុតាង​ទៅជា​មួយ​ដែរ ។ រីឯ​សព​ឈ្មោះ រស្មី សា​ម៉ា​ឌី ក្រោយពី​កម្លាំង​សមត្ថកិច្ច​ជំនាញ ពិនិត្យ​ធ្វើ​កោសល​វិ​ច្ច័​យ​រួច បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​ ​ដោយ​៖​ជាលី​

×