កំពង់ឆ្នាំង ៖ អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តនៃក្រសួងមហាផ្ទៃ បានរួមគ្នាបង្កើតក្រុមការងារចម្រុះ ECHO21 ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីអគ្គិភ័យ ដែលបង្កឲ្យក្មេង៤នាក់មានអាយុ៩ឆ្នាំ, ៧ឆ្នាំ, ៧ឆ្នាំ និង៣ឆ្នាំ ព្រមទាំងម្តាយរបស់ពួកគេ បានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុនេះ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។

ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) រួមជាមួយកងកម្លាំងនគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តខេត្តកំពង់ឆ្នាំង បានធ្វើកោសល្យវិច័យ សាកសពទៅលើសាកសពទាំង៥ នៅថ្ងៃទី១០ ខែឧសភា។
ក្នុងពេលបច្ចុប្បន្ននេះ បុរសអាយុ៤១ឆ្នាំម្នាក់ ត្រូវជាប្តី និងឪពុករបស់ជនរងគ្រោះ កំពុងតែផ្តល់ការបំភ្លឺដល់កម្លាំងសមត្ថកិច្ច។

សូមបញ្ជាក់ថា មនុស្សប្រុសស្រីមួយគ្រួសារមានគ្នា៦នាក់ ទាំងកូនក្នុងផ្ទៃ បានស្លាប់ក្នុងភ្នក់ភ្លើង នៃករណីអគ្គិភ័យមួយដែលបានឆាប ឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២១ នៅឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះ បណ្តាលឲ្យឆេះផ្ទះមួយខ្នង ទំហំ៧គុណនឹង១២ម៉ែត្រ សង់ពីដែកប្រក់ស័ង្គសី ជាកម្មសិទ្ធិរបស់ឈ្មោះ នន់ សារ៉េត ។

ប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ ម្ចាស់ផ្ទះឈ្មោះ នន់ សារ៉េត បានរត់ចេញផុតពី អណ្តាតភ្លើង រីឯប្រពន្ធនិងកូនៗមិនអាចចេញមកបានដោយសារពួកគេដេកនៅជាន់ឡៅតឿ ។
នៅក្នុងឧប្បត្តិហេតុនេះ សមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបរិបូរណ៏ បានចេញរថយន្តពន្លត់អគ្គិភ័យ ចុះទៅជួយអន្តរាគមន៍ភ្លាមៗ ដោយបាញ់ពន្លត់ទឹកអស់៣ រថយន្តទើបភ្លើងរលត់ទាំងស្រុង ។ ចំពោះមូលហេតុសមត្ថកិច្ច បានសន្និដ្ឋានជំហានដំបូងថា បណ្តាលមកពីទុស្សេចរន្តអគ្គិសនី ។ ប៉ុន្តែសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត ដើម្បីរកមូលហេតុពិត នៃការបង្កឲ្យមានករណីអគ្គិភ័យនេះកើតឡើង ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ








