Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ៖ រាជរដ្ឋាភិបាល គ្រោងនឹងដាក់ចេញនូវ ផែនការស្តារ សេដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូវីដ-១៩

ភ្នំពេញ ៖ ថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្តីពី «អនាគតរបស់អាស៊ី» សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ ហើយគ្រោងនឹងដាក់ចេញនូវ ផែនការស្តារ សេដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣ ក្នុងគោលបំណង “អូសទាញកំណើន សេដ្ឋកិច្ចឱ្យត្រឡប់ទៅខិតជិតកំណើនសក្តានុពលប្រកបដោយចីរភាព និងបរិយាបន្នកម្ម។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី២៦ ស្តីពី «អនាគតរបស់អាស៊ី» ដែលរៀបចំឡើងដោយក្រុមហ៊ុននីកេ (Nikkei) របស់ជប៉ុន តាមរយៈប្រព័ន្ធវីដេអូ។

ក្នុងសន្និសីទនេះ រៀបចំឡើងក្រោមប្រធានបទ «ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ៖ តួនាទីរបស់អាស៊ីក្នុងការស្តារពិភពលោកឡើងវិញ» នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងសុន្ទរកថាគន្លឹះ ហើយក៏បានឆ្លើយនឹងសំណួររបស់អ្នករៀបចំកម្មវិធីពាក់ព័ន្ធសេដ្ឋកិច្ចកម្ពុជា និងបញ្ហាតំបន់មួយចំនួនផងដែរ។

បើតាមសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងសន្និសីទនាព្រឹកមិញនេះ៖
កម្ពុជា ផ្តើមចេញពីប្រទេសតូច ដែលធនធានមានកម្រិត ប្តេជ្ញាបន្តខិតខំពង្រីក និងពង្រឹងកិច្ចសហ ប្រតិបត្តិការនានា សំដៅចូលរួមដោះស្រាយបញ្ហាប្រឈមរួម ដើម្បីកសាងភាពធន់ទៅនឹងវិបត្តិ និងធានាឱ្យ បាននូវចីរភាព និងបរិយាបន្នកម្ម នៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ទាំងក្នុងក្របខណ្ឌតំបន់ និងសកល ។ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការដ្ឋានកំណែទម្រង់កាន់ តែស៊ីជម្រៅសំដៅកសាងប្រព័ន្ធសេដ្ឋកិច្ច និងសង្គម ដែលកាន់តែរឹងមាំ និងមានភាពធន់ទៅនឹងវិបត្តិនាពេល អនាគត ។

ក្នុងន័យនេះ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ ហើយគ្រោងនឹងដាក់ចេញនូវ ផែនការស្តារ សេដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣ ក្នុងគោលបំណង “អូសទាញកំណើន សេដ្ឋកិច្ចឱ្យត្រឡប់ទៅខិតជិតកំណើនសក្តានុពលប្រកបដោយចីរភាព និងបរិយាបន្នកម្ម តាមរយៈការធានា រក្សានូវសន្តិភាព , សន្តិសុខ , ស្ថិរភាពសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ លើគន្លងនៃប្រក្រតីភាពថ្មី ព្រមទាំង ការលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេស មូលដ្ឋានឧស្សាហកម្មរឹងមាំ ដែលមានសមត្ថភាពនាំចេញខ្ពស់ និងផ្សាភ្ជាប់កាន់តែខ្លាំងក្លាជាមួយច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក” ។

លើមូលដ្ឋានទាំងនេះ កម្ពុជានឹងផ្ដល់អាទិភាពលើការ (១), ស្តារឡើងវិញ ដោយកសាងមូលដ្ឋាន រឹងមាំសម្រាប់សេដ្ឋកិច្ចវិលទៅមាគ៌ានៃកំណើនឡើងវិញ ដោយផ្តោតលើការធានាសុវត្ថិភាព , ការគ្រប់គ្រង ផលប៉ះពាល់, ការរក្សាលំនឹង និងការជំរុញឱ្យងើបឡើងវិញនៃធុរកិច្ចដែលមានសក្តានុពល ជាពិសេស ក្នុង វិស័យដែលទទួលរងផលប៉ះពាល់ខ្លាំង និងការបង្កើតការងារបន្ថែមឱ្យបានច្រើន និងឆាប់រហ័ស; (២). ក ទម្រង់ ដោយបន្តដាក់ចេញវិធានការកែទម្រង់សំខាន់ៗ ជារចនាសម្ព័ន្ធ ដែលរួមមាន ការធ្វើឱ្យប្រសើរ ឡើងនូវបរិយាកាស និងកិច្ចសម្រួលពាណិជ្ជកម្ម , ការវិនិយោគ និងធុរកិច្ច, និង ការជំរុញ និងការអភិវឌ្ឍ ឌីជីថលូបនីយកម្មក្នុងប្រព័ន្ធសេដ្ឋកិច្ច ទាំងវិស័យសាធារណៈ និងវិស័យឯកជន; និង (៣). កសាងភាពធន់ ដោយពង្រឹងការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងជំងឺ ឬស្ថានភាពស្រដៀងគ្នា ដែលអាចផ្ទុះឡើងនាពេល អនាគត ដោយផ្តោតលើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម ដែលរឹងមាំ, មានប្រសិទ្ធភាព និងការធានានូវចីរភាព និងបរិយាប័ន្នកម្មនៃការស្តារ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ។

ជាការពិតណាស់ ឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាកបំផុតក្នុងប្រវត្តិសាស្ត្រទំនើបរបស់ពិភពលោក ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបាននិងកំពុងបង្កជាវិបត្តិសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ និងឈានដល់ការបន្ទច់បង្អាក់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម ជាសកល ។ គ្រប់ប្រទេស និងតំបន់លើសកល លោកសុទ្ធសឹងតែកំពុងរងការប៉ះទង្គិចលើគ្រប់វិស័យ ហើយប្រជាជនជាងមួយរយលាននាក់បានឆ្លង និងរាប់លាននាក់ត្រូវបានបាត់បង់អាយុជីវិត ។ ទន្ទឹមនេះ កំណើនសេដ្ឋកិច្ចសកលក៏ធ្លាក់ចុះក្នុងអាត្រាអវិជ្ជមាន ដែលមិនធ្លាប់មាន បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកល (Global Financial Crisis) ដោយសារការបង្អាក់ភ្លាមៗ មកលើសកម្មភាពសេដ្ឋកិច្ច , ពាណិជ្ជកម្ម, ច្រវាក់ផ្គត់ផ្គង់, ការ តភ្ជាប់ និងការធ្លាក់ចុះយ៉ាងគំហុកនៃតម្រូវការ ពិភពលោក គួបផ្សំនឹងការដាក់ចេញនូវវិធានការរដ្ឋបាលរឹតត្បិតការធ្វើដំណើរ និងបិទខ្ទប់ប្រទេស ដើម្បី ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

យ៉ាងណាមិញ ទោះបីសេដ្ឋកិច្ចសកលឆ្នាំ ២០២១ នេះ ត្រូវបានរំពឹងថានឹងងើបឡើងវិញក៏ដោយ, សកលលោកនៅតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារហានិភ័យពីរលកថ្មីនៃជំងឺកូវីដ-១៩ និងការបំប្លែងខ្លួនថ្មីនៃវីរុសកូរ៉ូណា ដែលមានសភាពកាន់តែកាចសាហាវ និងស្រួចស្រាល់ ដែលអាចនឹង បន្តរំខានដល់ជវភាពសេដ្ឋកិច្ចសកល ។ បន្ថែមលើនេះ ការទទួលបានវ៉ាក់សាំងដែលអាចធានាបាននូវភាព សុំសហគមន៍ (Herd Immunity) នឹងត្រូវចំណាយពេលយូរទៀត ស្របពេលដែលគម្លាតនៃការទទួលបាន វ៉ាក់សាំង
រវាងប្រទេសកំពុងអភិវឌ្ឍនិងប្រទេសអភិវឌ្ឍន៍ នឹងធ្វើឱ្យមានវិសមភាពសម្រាប់ការងើបឡើងវិញ នៃសេដ្ឋកិច្ច ដោយសារមានតែប្រទេសមួយចំនួនប៉ុណ្ណោះ អាចស្ដារសេដ្ឋកិច្ចខ្លួនឡើងវិញបានប្រសើរ ខណៈដែលប្រទេសជាច្រើនផ្សេងទៀតនឹងបន្តប្រឈមនឹងផលប៉ះពាល់ ទាំងក្នុងផ្នែកសុខាភិបាល និងផ្នែក សេដ្ឋកិច្ច ។

ជាងនេះទៅទៀត ពិភពលោកទាំងមូលក៏កំពុងបន្តប្រឈមនឹងវិបត្តិ និងហានិភ័យជាច្រើនទៀត ផងដែរ ជាពិសេស ការកើនឡើងនូវភាពតានតឹងនៃស្ថានភាពភូមិសាស្ត្រនយោបាយតំបន់ និងសង្គ្រាម ពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងប្រទេសមហាអំណាចនានា ក៏នឹងជះឥទ្ធិពលដល់ការអភិវឌ្ឍសកលសម្រាប់ ទាំងរយៈពេលខ្លី និងវែងខាងមុខ ។ ម្យ៉ាងទៀត កត្តាគំរាមកំហែងលើសន្តិភាព, ស្ថិរភាព និងសន្តិសុខផ្សេងៗ ទៀតក៏កំពុងលេចឡើងកាន់តែច្បាស់ និងបង្កើនការដាក់សម្ពាធមកលើតំបន់អាស៊ីយើង រួមមាន និន្នាការ ពហុប៉ូល, ការប្រកួតប្រជែងដើម្បីផលប្រយោជន៍ , ការប្រែប្រួលនៃតុល្យភាពអំណាចក្នុងតំបន់, ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុនិងគ្រោះធម្មជាតិ ជាដើម ដែលការណ៍ទាំងនេះបានកំពុងបង្កផលប៉ះពាល់ដល់ និងអាចបន្ទច់បង្អាក់ និរន្តភាពនៃដំណើរការអភិវឌ្ឍផងដែរ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×