ភ្នំពេញ ៖ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងមាន
សមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង១៤ បន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ការលុបបំបាត់ការជក់បារីអេឡិចត្រូនិច ឬ ស៊ីហ្សានិងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) សំដៅធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាព។
ការណែនាំបែបនេះរបស់ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងនាព្រឹកថ្ងៃទី០៤ កក្កដា ២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញជាមួយកម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទ មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនេះធ្វើឡើងដើម្បីដាក់ផែនការ ក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អ ពិសេសគឺការបន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ការលុបបំបាត់ការជក់បារីអេឡិចត្រូនិច ឬ ស៊ីហ្សា (VAP) និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅធ្វើយ៉ាងណាឱ្យភូមិ សង្កាត់មានសុវត្ថិភាព។
ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា៖ ការងារសព្វបែបយ៉ាង គឺសុទ្ធតែជាការងាររបស់អាជ្ញាធរខណ្ឌបើយើងបង្ក្រាបមិនបានគ្មាននរណាបង្ក្រាបបានទេ។រឿងគ្រឿងញៀន អាជ្ញាធរខណ្ឌត្រូវម្ចាស់ការធ្វើរៀងខ្លួន ដើម្បីបង្ក្រាបគ្រឿងញៀន។ ការងារនេះ បើកម្លាំងយើងមិនគ្រប់គ្រាន់ ត្រូវស្នើសុំ។
គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនឹងរកថវិកាជួយទ្រទ្រង់ការងារនេះ ដើម្បីប្រតិបត្តិការឱ្យបានសកម្ម។ អាជ្ញាធរខណ្ឌទាំងអស់ត្រូវរងចាំសហការជាមួយកម្លាំងទាំង២ប្រភេទ ក្នុងការបង្ក្រាបគ្រឿងញៀន។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ទៀតថា៖ បើចង់ធ្វើអភិបាលខណ្ឌត្រូវតែនៅជាមួយប្រជាពលរដ្ឋជានិច្ចគ្មានគិតថ្ងៃសៅរ៌និងអាទិត្យនោះទេ។គ្រឿងញៀននិង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជារឿងដែលត្រូវបង្ក្រាបជាប្រចាំ។ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ត្រូវពិនិត្យតាមខុនដូ និងបុរីដែលមានការសង្ស័យថា បាននិងកំពុងធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
ឯកឧត្ដម អភិបាលរាជធានីបន្តទៀតថា៖ការងារខាងលើ គ្រប់ខណ្ឌត្រូវប្រជុំដាក់ផែនការ ទៅឱ្យមេភូមិនិងប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់សហការជាមួយយើង។ចាប់ពីពេលនេះតទៅ នឹងបន្តការរឹតបន្តឹងបន្ថែមទៀត លើការបង្ក្រាប។ ការជក់ស៊ីហ្សានៅតាមសាលារៀន ត្រូវតែលុបបំបាត់ឱ្យអស់ សិស្សានុសិស្ស ជាទំពាំងស្នងឬស្សី។ ទំពាំង ត្រូវមើលថែឱ្យល្អ ធំធាត់ ដើម្បីជាធនធានមនុស្សក្នុងការអភិវឌ្ឍប្រទេសជាតិ។ បើពួកគាត់កំពុងពេញកម្លាំង បែរជាឈឺ តើយើងមានកម្លាំងឯណាដើម្បីជួយជាតិ។ រឿងនេះមន្ទីរអប់រំយុវជននិងកីឡា ត្រូវមើលការងារនេះឱ្យបានល្អ។ បន្ថែមពីនេះចំពោះអាជ្ញាធរខណ្ឌដែលមានទីតាំងជាកន្លែងសប្បាយភាពត្រូវចុះពិនិត្យមើលជាប្រចាំ។ ត្រូវយកស្លាកសញ្ញាដាក់ ហាមជក់បារីអេឡិចត្រូនិច ឬ ស៊ីហ្សា (VAP) ទៅបិទតាមហាងនានានៅក្នុងរាជធានីភ្នំពេញ ពិសេសនៅហាងបារាំង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី












