Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ស្រ៊ុន ពៅ ៖ ការលួចនាំចូលជ្រូកពីប្រទេសជិតខាង នឹងធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក

ភ្នំពេញ ៖ បើតាមលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានឱ្យដឹងថា ការលួចនាំចូលជ្រូកពីប្រទេសជិតខាង នឹងធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក ដូច្នេះយើងខ្វះរហូត បើសិនណាជាមិនឲ្យនាំចូលមកនោះ ទើបអាចជួយកសិករ ក៏ដូចជា កសិដ្ឋាន និងក្រុមហ៊ុននឹងខិតខំចិញ្ចឹមដើម្បីបង្គ្រប់ទីផ្សារកម្ពុជាយើង។

រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យអាជ្ញាធរនៅតាមបណ្តាខេត្ត ដែលមានព្រំប្រទល់ជាប់ជាមួយ កម្ពុជា រួមមាន ខេត្តមណ្ឌលគិរី, ខេត្តរតនគិរី, ខេត្តព្រៃវែង, ខេត្តកំពត, ខេត្តត្បូងឃ្មុំ, ខេត្តស្វាយ, ខេត្តក្រចេះ, ខេត្តតាកែវ និងខេត្តកណ្តាល ឲ្យផ្អាកនាំចូលសត្វជ្រូក ឬសាច់ជ្រូកខុសច្បាប់ពីវៀតណាម ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក (ASF) ពីប្រទេសជិតខាងចូលមក និងបង្ការការខាតបង់ យ៉ាងធ្ងន់ធ្ងរដល់អ្នកចិញ្ចឹមជ្រូកនៅម្ពុជា។

លោកស្រ៊ុន ពៅ បានស្វាគមន៍ចំពោះការសម្រេចរបស់ក្រសួង ប៉ុន្តែលោកស្នើឲ្យមន្ត្រីខាងពេទ្យសត្វ ត្រូវធ្វើតេស្ដរកជំងឺប៉េស្ដជ្រូកអាហ្រ្វិក ឲ្យបានហ្មត់ចត់ ដើម្បីកុំឲ្យរាលដាលទៅកាន់កន្លែង ផ្សេងទៀត។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានលើកឡើងថា ការដែលរដ្ឋមន្ត្រីក្រសួងកសិកម្ម ឲ្យអាជ្ញាធរខេត្តទាំងអស់ ដែលមានព្រំប្រទល់ជាប់នឹងវៀតណាម ផ្អាកការនាំចូលសត្វជ្រូកខុសច្បាប់ ពីប្រទេសវៀតណាម គឺជាការសម្រេចដ៏ត្រឹមត្រូវមួយ នឹងធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកប្រកបមុខរបរចិញ្ចឹមសត្វជ្រូក បង្កើនការចិញ្ចឹមដើម្បីបង្គ្រប់ទីផ្សារក្នុងស្រុក។

លោកបានបន្តថា សព្វថ្ងៃនេះ ជំងឺប៉េស្ដជ្រូកអាហ្រ្វិកកំពុងផ្ទុះឡើងនៅលើកសិករលក្ខណៈគ្រួសារ ហើយត្រូវឲ្យច្បាស់ថា ជ្រូកគ្មានជំងឺ ដើម្បីឡើងលក់លើទីផ្សារ បើមិនដូច្នោះទេ ការឲ្យមានចរាចរសត្វមានជំងឺ វាជាបញ្ហាធំ។ អ្វីដែលជាក្តីបារម្ភខ្លាំង គឺខ្លាចការរាលដាលទៅដល់កសិដ្ឋានចិញ្ចឹមជ្រូកជាង ៦០០កន្លែង នៅទូទាំងប្រទេស ដែលកសិដ្ឋានខ្លះមានតម្លៃរាប់លានដុល្លារ។
បើតាមប្រធានសមាគមអ្នកចិញ្ចឹមសត្វ នៅកម្ពុជា បច្ចុប្បន្ននេះ ស្ថានភាពចិញ្ចឹមជ្រូកនៅកម្ពុជា គឺមានភាពល្អប្រសើរណាស់ ប៉ុន្តែនៅពេលផ្ទុះជំងឺនេះឡើងមក វាអាចប៉ះពាល់ខ្លាំងដល់អ្នកប្រកបរបរមួយនេះ។

គួរបញ្ជាក់ថា នៅក្នុង១ថ្ងៃ សមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា អាចផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងស្រុក ចន្លោះពី ៤ពាន់ក្បាល ទៅ ៦ពាន់ក្បាល រីឯតម្លៃសាច់ជ្រូក ដែលលក់ចេញពីកសិដ្ឋានផ្ទាល់ មានតម្លៃពី ១ម៉ឺន ៣ពាន់ ទៅ ១ម៉ឺន ៤ពាន់រៀល និងជ្រូករស់ដែលកសិករ លក់ចេញជាមធ្យមតម្លៃ ២០០ដុល្លារ ក្នុង ១ក្បាល៕រក្សាសិទ្ធិដោយ៖CEN

×