Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​ជួបពិភាក្សា​ការងារ​ជាមួយ លោកជំទាវ​ឯកអគ្គរដ្ឋទូត​សឹង្ហ​បុរី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ទើប​ទទួល​ការតែងតាំង​ថ្មី​

កាលពី​ចុង​សប្តាហ៍​មុននេះ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម បានអនុញ្ញាត លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូត​សឹង្ហ​បុរី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ទើប​ទទួល​ការតែងតាំង​ថ្មី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។​

ជា​កិច្ច​ចាប់ផ្ដើម លោក​រដ្ឋមន្ដ្រី បាន​សម្តែង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ និង​អបអរសាទរ​ជូន​លោកជំទាវ ចំពោះ​ការទទួលបាន​ការតែងតាំង​ពី​រដ្ឋាភិបាល​សឹង្ហ​បុរី​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​រដ្ឋមន្ត្រី និង​លោកជំទាវ​ឯកអគ្គរដ្ឋទូត បានបង្ហាញ​ពី​ក្តី​សោមនស្ស​រីករាយ និង​ការប្តេជ្ញាចិត្ត​ចំពោះ​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ និង​យូរអង្វែង​រវាង​ប្រទេស​ទាំងពីរ​ផងដែរ​។

​ក្នុងជំនួប​នេះ លោក​រដ្ឋមន្ដ្រី និង​លោកជំទាវ​អគ្គរដ្ឋទូត​បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​គ្នា​អំពី​ការបង្កើន​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​ពាណិជ្ជកម្ម​ក្នុង​តំបន់​ផងដែរ​។ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រីបាន​ជម្រាបជូន​អំពី​សក្តានុពល​នៃ​ផលិតផល​កសិកម្ម​កម្ពុ​ជា មាន​ជាអាទិ៍ ស្វាយ ចេក មៀន​ប៉ៃលិន ម្រេច​កំពត ធុ​រេ​ន ដូង ស្រកានាគ និង​អង្ករ ហើយ​បានស្នើ​សុំឱ្យ​ភាគី​សឹង្ហ​បុរី​ជួយ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​របស់​សឹង្ហ​បុរី​ក្នុងការ​នាំចូល​ផលិតផល​កសិកម្ម​ពី​កម្ពុជា ក៏ដូចជា​ធ្វើការ​ផ្គូផ្គង​ធុរកិច្ច​រវាង​កម្ពុជា និង​សឹង្ហ​បុរី​ដើម្បី​លើកកម្ពស់​ការធ្វើ​ពាណិជ្ជកម្ម​នៅក្នុង​អាស៊ាន​។​

លោក​រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​បន្ថែម​ពី​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ដើម្បី​ទាក់ទាញ​វិនិយោគិន ជាពិសេស​កិច្ចការពារ​កម្មសិទ្ធិបញ្ញា ដោយ​ក្នុងនោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្នុងនាម​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា​បាន​ជំរុញឱ្យមាន​ការអនុវត្ត​ច្បាប់​យ៉ាង​ជាក់លាក់ ជាពិសេស​ត្រូវការពារ​នូវ​ម៉ាក ពាណិជ្ជ​នាម​របស់​ក្រុមហ៊ុន​បរទេស​ធំៗ ដើម្បី​ជាការ​លើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ​នៅ​កម្ពុជា​។ ជាមួយ​នោះ​ផងដែរ ក្រសួងពាណិជ្ជកម្ម​ក៏បាន​ជំរុញ​ការបង្កើត​អត្តសញ្ញាណ​ផលិតផល​ជាតិ ដូចជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ ម៉ាក​សមូហភាព និង​ម៉ាក​វិញ្ញាតកម្ម ដើម្បី​ផ្សព្វផ្សាយ​ទៅ​ពិភពលោក​ឱ្យបាន​ស្គាល់​។​

លោក​រដ្ឋមន្ត្រី បាន​កោតសរសើរ​ចំពោះ​ការរៀប​ចំលក់​ចំណីអាហារ​តាម​ចិញ្ចើមផ្លូវ​របស់​សឹង្ហ​បុរី ហើយក៏​បានស្នើ​សុំឱ្យ​ភាគី​សឹង្ហ​បុរី​ផ្ដល់នូវ​គំរូ​ល្អៗ ក្នុងការ​រៀបចំ​ការលក់​ដូរ​បែបនេះ ដើម្បី​ជាការ​ផ្ដួចផ្ដើម​អភិវឌ្ឍន៍​វិស័យ​សហគ្រាស​មីក្រូ តូច និង​មធ្យម ក៏ដូចជា​ប្រភព​ចំណូល​ដល់​ប្រជាជន​។​

នាឱកាស​នោះ​ផងដែរ លោក​រដ្ឋមន្ត្រី និង​លោកជំទាវ​អគ្គរដ្ឋទូត ក៏បាន​ផ្លាស់ប្តូរ​យោបល់​លើ​វឌ្ឍនភាព​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​តំបន់ ជាពិសេស លោកជំទាវ​អគ្គរដ្ឋទូត ក៏បាន​បង្ហាញ និង​ផ្តល់​ការគាំទ្រ​ដល់​កម្ពុជា​ក្នុង​ការទទួល​តួនាទី​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ និង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផងដែរ ហើយ​ក៏បាន​ជម្រាបជូន​ថា សឹង្ហ​បុរី​នឹង​បន្ត​សហការ​ជាមួយ​កម្ពុជា​ក្នុងនាម​ជា​មិត្ត​ជិតស្និត​មួយ​លើ​ការងារ​ទាំងអស់​ដែល​បាន​លើក​។​

ជាទី​បញ្ចប់ លោក​រដ្ឋមន្ត្រី និង​លោកជំទាវ​អគ្គរដ្ឋទូត បាន​សម្តែង​សារជាថ្មី​នូវ​ការប្តេជ្ញាចិត្ត បន្ត​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​លើ​គ្រប់​វិស័យ ជាពិសេស​ការបន្ត​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​៕​ រក្សាសិទ្ធិដោយ៖ CEN

×