Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ.ជ.ប នឹងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ក្នុងការបោះឆ្នោតសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១

ភ្នំពេញ ៖ បើតាមសេចក្ដីប្រកាសព័ត៌មាន គ.ជ.ប នឹងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ក្នុងការបោះឆ្នោតសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១។

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ គ.ជ.ប នឹងរៀបចំការបោះឆ្នោតសាកល្បងជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ ដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា (IT) ដើម្បីសម្រួលការងារបោះឆ្នោតក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ឌឹម សុវណ្ណរុំ សមាជិក និងជាអ្នកនាំពាក្យ គជ.ប និងជាប្រធានដឹកនាំអង្គប្រជុំពិគ្រោះ យោបល់ជាមួយភាគីពាក់ព័ន្ធ តាមប្រព័ន្ធអនឡាញ (Jitsi Meet) លើកទី១ ស្តីពីការបោះឆ្នោតសាកល្បង ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។

ឯកឧត្តម ឌឹម សុវណ្ណរុំ បានឱ្យដឹងទៀតថា ការរៀបចំការបោះឆ្នោតសាកល្បងនេះ គឺជាការវាយ តម្លៃអំពីប្រសិទ្ធភាពនៃការធ្វើទំនើបកម្មដំណើរការរៀបចំការបោះឆ្នោត ក្នុងក្របខ័ណ្ឌកំណែទម្រង់នៃ ការបោះឆ្នោតរបស់ គ.ជ.ប ដើម្បីបោះជំហានទៅការបោះឆ្នោតនាពេលអនាគតដោយប្រើ IT។

ឯកឧត្តមបានបន្ថែមថា សូមកុំមានការភាន់ច្រឡំ ការរៀបចំការបោះឆ្នោតសាកល្បងនេះ មិនសំដៅដល់ការត្រៀមរៀបចំបោះឆ្នោតតាមអនឡាញនោះទេ ព្រោះគ្មានប្រទេសណាធ្វើនៅឡើយទេ លើកលែងតែប្រទេសអេស្តូនី តែមួយគត់ក្នុងពិភពលោក។

គ.ជប នឹងប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា (IT) ដើម្បីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងវាយតម្លៃលើប្រសិទ្ធភាព
ការងារសម្រាប់ ៖ ការចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធឌីជីថល ឬអនឡាញ (Onllne) ។ ការប្រើប្រាស់ប៊ិកគំនូសសញ្ញាគាំទ្រគណបក្សនយោបាយ គូសនៅលើសន្លឹកឆ្នោត។ ការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផល នៃការបោះឆ្នោតតាមប្រព័ន្ធអនឡាញ (Online) ដែលគ្របដណ្តប់ លើដំណើរការសំខាន់ៗ នៅក្នុងថ្ងៃបោះឆ្នោត តាមកម្មវិធីជាប្រព័ន្ធដូចជាខាងក្រោម៖កម្មវិធីទទួល បញ្ចូល បូកសរុប បញ្ជូននិងប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត និងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលផ្លូវការ នៃការបោះឆ្នោត កម្មវិធីបែងចែកអាសនៈ និងស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត។

វាគ្មិនសំខាន់ៗនៃ គ.ជប រួមមានឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជប ឯកឧត្តម សោម សូរីដា ទីប្រឹក្សា និងជាអគ្គលេខាធិការរង គជ.ប ឯកឧត្តម តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋាន សេវាកម្មច្បាប់ និងបច្ចេកទេស ព្រមទាំងមន្ត្រីជំនាញនៃនាយកដ្ឋានបានចូលរួមបំភ្លឺ និងធ្វើបទបង្ហាញ ព្រមទាំងឆ្លើយតបទៅនឹងសំណួរ របស់ភាគីពាក់ព័ន្ធ យ៉ាងផុលផុស ដោយទទួលបានការគាំទ្រ និងផ្លែផ្កា គួរជាទីមោទនៈ។

ឯកឧត្តម ឌឹម សុវណ្ណរុំ បានបញ្ជាក់ថា រាល់មតិយោបល់របស់ភាគីទាំងអស់ គឺជាធាតុចូល សម្រាប់រួមចំណែក ក្នុងការកែលម្អនីតិវិធី និងការងារបច្ចេកទេសបោះឆ្នោត ដោយប្រើ IT មុននឹង គ.ជ.ប សម្រេច និងប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះ គ.ជ.ប នឹងរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល នៃការបោះឆ្នោតសាកល្បង ជូនដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ជូនគណបក្សនយោបាយ តំណាងអង្គការក្រៅរដ្ឋាភិបាល មន្ត្រីនៃលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ និងគណ:កម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតនៅថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×