ភ្នំពេញ ៖ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ លើកលែងទោសលោក តុប ច័ន្ទសិរីវុធ អតីតព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីជាប់ពន្ធនាគារ អស់រយៈពេល ១១ឆ្នាំ ពាក់ព័ន្ធរឿងប្រព្រឹត្តអំពើពុករលួយ និងបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់។
ព្រះរាជក្រឹត្យលើកលែងទោស បានធ្វើឡើងកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ដែលទើបតែបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។

លោកតុប ច័ន្ទសេរីវុធ អតីតព្រះរាជអាជ្ញាអមតុលាការខេត្តពោធិ៍សាត់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនជាមួយអង្គរក្សពីរនាក់ នៅឯគេហដ្ឋានរបស់លោក ក្នុងក្រុងពោធិ៍សាត់ កាលពីថ្ងៃ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១០ ។

តុលាការខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១១ បានកាត់ទោសអតីតព្រះរាជអាជ្ញាតុលាការខេត្ត ឱ្យជាប់ពន្ធនាគារចំនួន១៩ឆ្នាំ ពីបទបង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់។ ចំណែកអង្គរក្សពីរនាក់ គឺឈ្មោះ រស់ សំណាង ផ្តន្ទាទោស ១៧ឆ្នាំ និងឈ្មោះ ឈិន វុទ្ធី ផ្តន្ទាទោស ១៥ឆ្នាំ។ ចំណែកឈ្មោះ ពេជ្រ គុណយូ ដែលបានរត់គេចខ្លួន ឱ្យជាប់ពន្ធនាគារចំនួន ១៨ឆ្នាំ អំពីបទពុករលួយ ជំរិតទារប្រាក់ និងបង្ខាំងមនុស្សខុសច្បាប់៕ រក្សាសិទ្ធិដោយៈ ចេស្តារ


