Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសាធារណការ កំពុងបន្តគិតគូរវែងឆ្ងាយ អំពីចក្ខុវិស័យ នៃកំណែទម្រង់ស៊ីជម្រៅលើ ការផ្តល់សេវាសាធារណៈ ដើម្បីឈានឆ្ពោះ ទៅរកគោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ឯកឧត្តម វ៉ាស៊ឹម សុរិយា អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា លើការប្រមូលធាតុចូលពីគ្រប់អគ្គនាយកដ្ឋាន និងអង្គភាពជំនាញ ក្រោមឱវាទក្រសួងសម្រាប់ការរៀបរៀង សេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២១-២០៣០ ផ្នែកវិស័យសាធារណការ និងដឹកជញ្ជូន” របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយ មានការចូលរួមតាមប្រព័ន្ធវីដេអូពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំទាំង មូលចូលរួមឱ្យបានផុលផុសក្នុងការផ្ដល់ធាតុចូល សម្រាប់សេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា២០២១-២០៣០ ផ្នែកវិស័យសាធារណការ និងដឹកជញ្ជូន” ដើម្បីឱ្យគោលនយោបាយនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតបនឹងផែនការ គោលនយោបាយរបស់ក្រសួង ក៏ដូចជាផែនការ អភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលផងដែរ។

អង្គប្រជុំបានជជែកពិភាក្សាយ៉ាងល្អិតល្អន់ និងគិតគូរវែងឆ្ងាយអំពីចក្ខុវិស័យ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ទាក់ទងនឹងកំណែទម្រង់ស៊ីជម្រៅ ដើម្បីឈានឆ្ពោះទៅរកគោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ហើយប៉ុន្មានឆ្នាំចុងក្រោយនេះក្រសួង សម្រេចបានជោគជ័យ គួរជាទីមោទនៈ លើការកែទម្រង់ស៊ីជម្រៅ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាអនឡាញ ក្នុងការផ្តល់សេវា សាធារណៈមួយចំនួនជូន បងប្អូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

សូមជម្រាបជូនថា៖ តាមការចាត់តាំងពីថ្នាក់ដឹកនាំ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាយកដ្ឋាន ព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ ដើរតួនាទីជាសេនាធិការ ក្នុងការសម្របសម្រួលលើការប្រមូល ធាតុចូលសម្រាប់សេចក្ដីព្រាង គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១-២០៣០ ផ្នែកវិស័យ សាធារណការ និងដឹកជញ្ជូន។

បច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងរៀបចំផែនការមេបច្ចេកវិទ្យាសម្រាប់វិស័យ សាធារណការ និងដឹកជញ្ជូន ដើម្បីឆ្លើយតបទៅនឹងការលើកកម្ពស់គុណភាព នៃការផ្តល់សេវាសាធារណៈ និងការបង្កើនទំនុកចិត្តប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២១-២០៣០ និងយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាលផងដែរ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×