ភ្នំពេញ ៖ ប្រិយមិត្តបានដឹងហើយ ចំពោះការបាត់បង់ធនធានអ្នកចម្រៀង និងជាតារាសម្ដែងម្នាក់ទៀត គឺអ្នកនាង សុិន ឧត្តមផល្លា ដែលទើបទទួលមរណភាពដោយសារជំងឺមហារីក កាលពីព្រឹកម្សិលមិញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។
ជុំវិញការលាចាកឆ្ងាយគ្មានថ្ងៃវិលត្រឡប់ របស់អតីតតារាចម្រៀងស្រី ដែលមានសមត្ថភាពច្រៀងបានច្រើនភាសារូបនេះផងដែរ ឃើញថា បានធ្វើឲ្យអ្នកគាំទ្រសម្តែងនូវការសោកស្តាយជាខ្លាំង ក្នុងនោះជាពិសេសគឺអ្នកក្នុងចង្កោមសិល្បៈយ៉ាងច្រើន បានចេញបើកបង្ហាញអារម្មណ៍ពិតសឹងតែមិនអាចទទួលយកបានសោះឡើយ ចំពោះការបាត់បង់ជីវិតមិត្តរួមអាជីព និងជារៀមច្បងដ៏ល្អម្នាក់នេះ។

ជាមួយគ្នានេះផងដែរ ក្នុងនោះ គេក៏បានឃើញកំពូលតារាស្រីពហុជំនាញ អ្នកនាង ខាត់ សុឃីម ក៏បានសម្តែងនូវក្តីក្តុកក្តួលយ៉ាងខ្លាំង ក្រោយពីបានទទួលដំណឹងពីការបាត់បង់មិត្តភក្តិរួមជំនាន់ដ៏ល្អម្នាក់នេះ។ ដោយក្នុងនោះ អ្នកនាង ខាត់ សុឃីម បានរម្លឹករឿងមួយនេះឡើងអួលដើមករថា៖ «(លាហើយសម្លាញ់ ទៅមុនហើយហី) ក្នុងនាមនាងខ្ញុំជាសិល្បះជំនាន់ 1996/1997 ដំណាលហ្នឹង អ្នកនាង សុិន ឧត្តម ផល្លា ជាមិត្តក្លើដ៏ស្និទ្ធស្នាល អស់រយៈពេលជាង ២០ ឆ្នាំ ខ្ញុំពិតជាសោកស្តាយជាពន់ពេក ដោយសម្លាញ់របស់ខ្ញុំ គាត់បានកើតជម្ងឺមហារីកដ៏ធ្ងន់ធ្ងរ រហូតគាត់ទ្រាំទ្រលែងបាន…លាចាកលោកនេះហើយ សូមសម្លាញ់ទៅឲ្យបានសុខ កើតជាតិណាៗ កុំឲ្យអភ័ព្វដូចជាតិនេះ… គ្នានឹងចងចាំសម្លាញ់ជារៀងរហូត ( មិត្តល្អ ) សុិន ឧត្តម ផល្លា ….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










