ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានបញ្ជាក់ថា រយៈពេល១៥ឆ្នាំនេះ កម្ពុជាដែលជាសមាជិកដ៏សកម្មមួយរបស់ អ.ស.ប បានបញ្ជូនកម្លាំងចូលរួម បេសកកម្មសរុបចំនួន ៧ ៥២៣នាក់ ក្នុងនោះមាននារីចំនួន ៤៦៦នាក់ ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ មានជាអាទិ៍ ៖ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ស៊ីរី សាយប្រឺស ម៉ាលី អាហ្វ្រិកកណ្ដាល និង យ៉េមែន។

ការបញ្ជាក់នេះ បានធ្វើឡើងតាមរយៈសារទិវាអន្តរជាតិ អ្នកថែរក្សាសន្តិភាព អង្គការសហប្រជាជាតិ ក្រោមប្រធានបទ “មាគ៌ាឆ្ពោះទៅរកសន្តិភាពយូរអង្វង” និងថាមពលយុវជន ដើម្បីសន្តិភាព និងសន្តិសុខ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១។
លោកបានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០០៦ មកទល់នឹងបច្ចុប្បន្ន វីរយុទ្ធជនកម្ពុជាចំនួន ១០រូប បានពលីជីវិតលើសមរភូមិ នៃតំបន់បេសកកម្មនៅសាធារណរដ្ឋម៉ាលី និង អាហ្វ្រិកកណ្ដាល ។ កម្ពុជា សូមសំដែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ជូនចំពោះគ្រប់កងកម្លាំងរក្សាសន្តិភាព និងអតីតកងរក្សាសន្តិភាព ពិសេសកងទ័ពមួកខៀវកម្ពុជា ដែលស្ម័គ្រចិត្តចូលរួមចំណែក ក្នុងបេសកកម្ម ដែលបច្ចុប្បន្នប្រឈមនឹងភាពស្មុគស្មាញ ព្រម ទាំងមានហានិភ័យខ្ពស់។

លោកបន្តទៀថា ជារៀងរាល់ឆ្នាំ នាថ្ងៃទី២៩ ខែឧសភា យើងតែងតែប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ដើម្បីរំលឹកគុណូបការៈដល់វីរយុទ្ធ ជន យុទ្ធនារី នៃកងរក្សាសន្តិភាព ដែលបានធ្វើពលីកម្ម លះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុសន្តិភាព នៃបេសកកម្ម របស់ អ.ស.ប ដែលមានតម្លៃដ៏ឧត្តុង្គឧត្តមមិនអាចកាត់ថ្លៃបាន ហើយបានចារិកទុកជាប្រវត្តិសាស្ត្រនៃមនុស្សជាតិ ទាំងនៅ ទីបញ្ហាការធំរបស់ អសប និងបណ្តាប្រទេសដែលជាសមាជិករបស់ អសប ។ តែអកុសល គិតចាប់ពីឆ្នាំ២០២០ អ្នកថ រក្សាសន្តិភាពរបស់យើងជួបប្រទះ ដូចប្រជាជននៅជុំវិញពិភពលោកដែរ គឺមានច្រើនជាងពេលណាៗទាំងអស់ មិនត្រឹមត ត្រូវតស៊ូប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រនិងការពារប្រជាជន នៅក្នុងប្រទេសដែលពួក គេបាននិងកំពុងបន្តប្រតិបត្តិការ ឱ្យអស់ពីសមត្ថភាព។ ឆន្ទៈរបស់កម្ពុជាមិនរាថយ ក្នុងការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប ជាដាច់ខាត និងបន្តគាំទ្រនូវការ ដាក់ចេញ “សកម្មភាពដើម្បីសន្តិភាព ”។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបន្តទៀថា ត្រូវចងចាំថា វីរយុទ្ធជនយើងបានពលីជីវិតទៅហើយក្ដី តែបានបន្សល់ទុកនូវគំរូវីរភាព ស្នាដៃដ៏ធំធេង ដែលដក់ជាប់ ក្នុងក្រអៅបេះដូងរបស់យើង ក្នុងស្មារតីបង្រួមបង្រួមជាតិ និងជួយទ្រទ្រង់ដល់ប្រទេសលើពិភពលោក ឲ្យមានសុខសន្តិភាព ប្រកបដោយវីរភាពដ៏ឧត្តុង្គឧត្តម ដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ សូមវីរយុទ្ធជន យុទ្ធនារីទាំងអស់ ខិតខំប្រឹងប្រែងបង្កើនស្មារតីប្រុងប្រយ័ត្ន យកអស់កម្លាំងកាយចិត្ត ពង្រឹងការហ្វឹកហាត់ ជំនាញវិជ្ជាជីវៈ “ស៊ូបង្ហូរញើសលើទីលាន ប្រសើរជាងបង្ហូរឈាមលើសមរភូមិ ពិសេសដើម្បីប្រយុទ្ធប្រឆាំងទប់ទល់មេរោគរាតត្បាត កូវីដ ១៩ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា “៣កុំ ៣ការពារ” តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធាននានារបស់បេសកកម្ម អ.សប៕ រក្សាសិទ្ធិដោយៈ ចេស្តារ