ភ្នំពេញ ÷ យុវជនម្នាក់បានជិះម៉តូម៉ាកclick មួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន
បានអកសឺគេចពីរថយន្តនៅពីមុខ ជ្រុលចង្កូតទៅប៉ះកាងមុខរថយន្តLexus ៥៧០ មួយគ្រឿងទៀត បណ្តាលឲ្យដាច់កាងមុខ ជាប់ផ្លាកលេខតាមម៉ូតូរងការខូចខាត ចំណែកឯម្ចាស់ម៉ូតូជាអ្នកបង្ក ត្រូវបានបែកភ្នែកមួយចំហៀង រងរបួសធ្ងន់ផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១២ និង ៤០ នាទីរសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៦A ចំណុចជិតនឹងរង្វង់មូលនាងមច្ឆា ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តLexus ៥៧០ មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2-BM 1728 បើកបរដោយស្រ្តី២នាក់ ធ្វើដំណើរចេញពីផ្លូវរង្វង់មូលនាងមច្ឆា ក្នុងទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុ រង់ចាំស្តុប ស្រាប់តែភ្លាមនោះដែរ គេឃើញមានម៉ូតូមួយគ្រឿងទៀតម៉ាកclick ពណ៌ខ្មៅលាយទឹកក្រូច ពាក់ផ្លាកលេខ ភ្នំពេញ 1HV 2372 ជិះដោយយុវជនម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ បានអកសឺគេចពីរថយន្តមិនចាំម៉ាកនៅពីខាងមុខ ទើបជ្រុលចង្កូតទៅប៉ះកាងមុខរថយន្ត Lexus ៥៧០ បណ្តាលឲ្យដាច់ជាប់នឹងកាងម៉ូតូតែម្តងទៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាង ជំនាញចរាចរណ៍ខណ្ឌជ្រោយចង្វារ ចុះមកដល់រួចឲ្យភាគីបង្ក និងខាងភាគីរងគ្រោះ ចរចាគ្នារយៈពេលយ៉ាងយូរ មិនត្រូវស្រាប់តែមួយសន្ទុះមក ឪពុករបស់ម្ចាស់រថយន្តLexus ៥៧០ មកដល់ ដោយឃើញក្មេងប្រុសអ្នកជិះម៉ូតូប៉ោងភ្នែកធំ និងរងរបួសដៃធ្ងន់ ក៏មិនទាមទារជាសំណង បញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖ សា មេត







