ភ្នំពេញ ៖ បើមិនមានអ្វីប្រែប្រួលទេ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជា នឹងទទួលជួបពិភាក្សាការងារ ជាមួយអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy R. Sherman នៅល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។
ជំនួបពិភាក្សារវាងប្រទេសដឹកនាំកម្ពុជា និងអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក គឺនឹងផ្តោតសំខាន់ លើកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចរបស់លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ទៅកាន់ប្រទេសមួយចំនួន គឺប្រទេសបែលហ្ស៊ិក តួកគី ឥណ្ឌូនេស៊ី កម្ពុជា ប្រទេសថៃ និងចុងក្រោយរដ្ឋហាវ៉ៃ ចាប់ពីថ្ងៃ២៥ ខែឧសភា ដល់ថ្ងៃ៤ ខែមិថុនា ឆ្នាំ២០២១។

ទាក់ទងដំណើរទស្សនកិច្ចនេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក កុយ គួង បានមានប្រសាសន៍ប្រាប់ឲ្យដឹងថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏នឹងមានជំនួបជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងជួបលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ខ្លឹមសារនៃជំនួប រវាងមន្ត្រីជាន់ខ្ពស់ការបរទេសអាមេរិក ជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺផោ្តតជាសំខាន់លើ ទំនាក់ទនងនិងកិច្ចសហប្រតិតបត្តិការទ្វេភាគី រវាងសហរដ្ឋអាមេរិកនិងកម្ពុជា។
ដំណើរទស្សនកិច្ចរបស់លោកស្រី Sherman នឹងធ្វើឲ្យទំនាក់ទំនង ទ្វេភាគីរវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរ ថែមមួយកម្រិតទៀត៕ រក្សាសិទ្ធិដោយៈ ចេស្តារ
