កំពង់ត្រឡាច ៖ លោកអាំ សុគន្ធ អភិបាលរងស្រុកកំពង់ត្រឡាច បានដឹកនាំកិច្ចប្រជុំ សម្របសម្រួលការងារ ត្រៀមទីតាំងប៉ាឆា (ឈាបនដ្ឋាន) វត្តត្រឡែងកែង សម្រាប់បូជាសព អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលាអនុគណស្រុកកំពង់ត្រឡាច វត្តសិរីគង្គា(ហៅវត្តត្រពាំងខ្ចៅ)។

ក្នុងកិច្ចប្រជុំនេះផងដែរ ដោយមានការនិមន្ត និងអញ្ជេីញចូលរួមមានសមាសភាពពី ព្រះមន្ត្រីសង្ឃស្រុក លោកមេឃុំថ្មឥដ្ឋ មេភូមិដេីមពពេល លោកស្រីសមាជិកាក្រុមប្រឹក្សាឃុំលង្វែក មន្រ្តី សុខាភិបាលស្រុក លោកមេភូមិ ព្រមទាំងលោកអាចារ្យគណៈកម្មការផងដែរ។

ក្នុងកិច្ចប្រជុំបានពិភាក្សា និងសម្រេចជ្រើសរើស យកទីតាំងវត្តត្រឡែងកែង ស្ថិតនៅភូមិត្រឡែង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាទីតាំងប៉ាឆាសម្រាប់បូជាសពស្លាប់ដោយជំងឺកូវីដ-១៩ ដោយសារនៅតំបន់នោះឆ្ងាយ មិនមានប៉ះពាល់ដល់ផ្ទះអ្នកស្រុក ទេីបថ្នាក់ដឹកនាំស្រុក មន្ត្រីសង្ឃស្រុក សមាជិក សមាជិកាអង្គប្រជុំឯកភាព សម្រេចយកទីតាំងនោះតែម្ដង ។
សូមជម្រាបថា តាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង សរុបអ្នកវិជ្ជមានកូវីដ១៩ ក្នុងខេត្តទាំងមូល ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សរុបចំនួន២២៧នាក់ អ្នកជាសះស្បើយ៤៥នាក់ និងស្លាប់៣នាក់ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

