ខេត្តតាកែវ ៖ នៅល្ងាចថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៣០នាទី លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោយពីទទួលបានព័ត៌មានស្តីពីករណីអគ្គិភ័យឆាបឆេះនៅចំណុចផ្សារអង្គតាសោម ភ្លាម លោក ឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះរបស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយអធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងកម្លាំងពាក់ព័ន្ធចុះជួយពន្លត់អគ្គិភ័យដែលឆាបឆេះផ្សារ ដែលមានទីតាំងស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងកិច្ចប្រតិបត្តិការជួយសង្គ្រោះនោះដែរ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ អធិការនគរបាលស្រុកត្រាំកក់ ដោយប្រើប្រាស់ឡានទឹកចំនួន០៣គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន០២ឡាន ទើបពន្លត់បានទាំងស្រុងនៅវេលាម៉ោង២០ និង១០នាទី។

ទំហំនៃការខូចខាតរួមមាន ឆេះខូចខាតតូបអស់ចំនួន០៣តូប ក្នុងនោះខូចខាតទាំងស្រុងចំនួន០២តូប និងឆេះប៉ះពាល់មធ្យមចំនួន០១តូប តែមិនបណ្តាលឱ្យរងរបួសមនុស្សឡើយ រីឯការវាយតម្លៃនៃការខូចខាតមិនអាចទាន់វាយតម្លៃបានទេ។
សូមបញ្ជាក់ថាៈ មូលហេតុបណ្តាលឱ្យមានអគ្គិភ័យកើតឡើង គឺបណ្តាលមកពីផ្ទុះសេខ្សែភ្លើងនៅតូបក្នុងផ្សារ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ









