ភ្នំពេញ ៖ ជាការពិតណាស់ រឿងរ៉ាវជីវិតប្តីប្រពន្ធ ដែលឈានដល់ដំណាក់កាលចែកផ្លូវគ្នា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាតែងតែកើតមានរឿងផ្ទុះឡើង ផ្អើលពេញបណ្តាញសង្គមជារឿយៗ។ ការបែកបាក់ជីវិតគូអ្នកនេះផងដែរ គឺមានច្រើនសណ្ឋានផ្សេងៗគ្នា ដោយក្នុងនោះគូខ្លះ កើតចេញពីមូលហេតុរស់នៅមិនចុះសម្រុងគ្នា និងអ្នកខ្លះទៀត ដោយសារតែទង្វើផិតក្បត់ប្តីប្រពន្ធ ជាដើម។

ជាក់ស្តែង ថ្មីៗនេះ រឿងរ៉ាវផិតក្បត់ប្តីប្រពន្ធមួយ បានឈានដល់ដំណាក់កាល ស្រ្តីប្រពន្ធដើមសម្រេចចិត្តប្តឹងឡើង ដល់តុលាការ ដែលបានចេញដីការបង្គាប់នាំខ្លួន ប្តីមកលែងលះគ្នាតាមផ្លូវច្បាប់ និងចាត់វិធានការទៅលើស្រីសហាយ ពីបទបង្ករបួសស្នាម បន្ទាប់ពីស្រ្តីជាប្រពន្ធដើម ដែលគាត់អស់ទ្រាំ នូវការអត់ធ្មត់តទៅទៀតលែងបានៗ សម្រេចចិត្តទៅរករឿងស្រីជាសហាយប្តីដល់ផ្ទះជួលក្នុងបុរីមួយ ដែលបានលួចយកប្តីរបស់គាត់អស់រយៈពេលជាង ២ ឆ្នាំ មិនសម្ងំសុខទេ តែបែរព្រហើននៅហ៊ានឆាតឌឺដង និងថែមទាំងជេរបញ្ចោមកលើរូបគាត់យ៉ាងសាហាវៗ ព្រោះតែបានដៃ គិតថារូបគាត់មិនហ៊ានធ្វើអ្វីកើត ក្រោយពីបានគប់មកលើគាត់មួយកែវ បណ្តាលឲ្យបែកចិញ្ចើមដេរអស់ ១២ ថ្នេរ រួចមក។

មែនហើយ គ្មានការបែកបាក់ណាមួយ ដែលនាំមកនូវការចំណេញនោះឡើយ និងផ្ទុយមកវិញ គឺបានត្រឹមតែការឈឺចាប់ សោកស្តាយ និងការបាត់បង់នូវអ្វីៗគ្រប់យ៉ាង ដែលអ្នកបានខិតខំកសាងវាឡើង តាំងពីចំណុចចាប់ផ្តើម នៃជីវិតគ្រួសារក្រោយពេលចាប់ដៃគ្នាជាប្តីប្រពន្ធ។ ទាក់ទងនឹងទង្វើប្តីផិតក្បត់ប្រពន្ធនេះផងដែរ បងស្រីជាប្រពន្ធដើមរូបនោះ ក៏បានចែករំលែកសារដាស់តឿនយ៉ាងពេញចិត្ត ពីគ្រូជំនួញដ៏ជោគជ័យម្នាក់ ដើម្បីទុកឲ្យបុរសៗជាប្តីទាំងឡាយ បានគិតពិចារណា និងគួរឲ្យភ្ញាក់ខ្លួនឡើងវិញផង។

តាមរយៈវីដេអូចែករំលែកមានរយៈពេលប្រមាណ ៣ នាទី បុរសជាគ្រូជំនួញម្នាក់ ដែលធ្លាប់បរាជ័យទាំងការងារ មុខរបររកស៊ី និងថែមទាំងបែកបាក់ជីវិតគ្រួសារ ដែលគាត់មានគណនីហ្វេសប៊ុកឈ្មោះថា Mech Seyha -អគ្គនាយកវិទ្យាស្ថានអន្តរជាតិ បានលើកឡើងជាសារផ្តាំផ្ញើទៅដល់បុរសៗទាំងឡាយ ដែលមិនចង់រលាយលើភាពជោគជ័យរបស់ខ្លួន ដោយបានលើកឡើងយ៉ាងចាក់ដោតថា៖ «ចាប់ផ្តើមរកស៊ីដំបូង ចេញថើបប្រពន្ធ ចូលថើបប្រពន្ធ ថាប្រពន្ធផ្កាយសំណាង ហើយប្រាប់ប្រពន្ធថា បើអូនឲ្យរាសីប្តី ផ្ទះស្អាត ខោអាវស្អាត ម្ហូបឆ្ងាញ់ កូនចៅរៀនចេះដឹង ត្រូវយកចិត្តទុកដាក់កុំរករឿងប្តី គឺប្តីនឹងរកស៊ីមានបានណាស់!។ ប៉ុន្តែ ដល់ពេលរកស៊ីជោគជ័យ មានលុយចាយពេញៗដៃ ចាប់ផ្តើមបែកគំនិត ស្រា ល្បែង ស្រី (ថើបមធ្យម ងំលូនក្បាលចូលក្នុងសារ៉ុងស្រី អត់ខ្វល់ពីរាសីនោះទេ) ហើយពេលប្រពន្ធរករឿងថាបនិ្តចបន្តួច លើកឡើងថាដាក់រាសី បានជាប្តីរកស៊ីមិនបាន ប៉ុន្តែ ខ្លួនវិញ ពេលបិទបញ្ជី ព្រលប់ឡើងមិនទាន់ទេ ស្វែងរកស្រី ថើបមធ្យមទេ ងំលូនក្បាលចូលក្រោមសារ៉ុងស្រីទៀត តើអាហ្នឹង រាសីស្អីទៅវិញ?។ ហេតុនេះ គ្រូក៏បានបញ្ជាក់ហើយបញ្ជាក់ទៀតថា សូមប្រយ័ត្ន រឿងឆ្កួតប្រកាច់មានស្រីហ្នឹង (បើមិនស៊ីក្រៅទេ ក៏ស៊ីកូនចៅខ្លួនឯងដែរ) ហើយក៏ផ្តាំទៅស្រីជាកូនចៅផងដែរ ឆ្ងាញ់ឲ្យដឹងប្តីគេប្តីឯងផង។

បន្ថែមលើរឿងនេះទៀតផងដែរ គ្រូខាងលើក៏បានដាក់ចំៗថា បុណ្យសក្ត័ លុយ តណ្ហា វាដើរក្បែរគ្នា ទើបបានជាមានអ្នកខ្លះមានឋានៈរហូតដល់ឧកញ៉ា ចុងក្រោយ ត្រូវបាត់បង់បុណ្យស័ក្តយស រលាយអស់ទ្រព្យសម្បត្តិ មុខជំនួញ ក៏ព្រោះតែដោយសារភ្លើងកាមតណ្ហា ជាមួយស្រីរាប់មិនអស់ដែលនាំមកនូវគ្រោះចង្រៃ និងភាពអំនួតចាត់ទុកប្រពន្ធដូចសត្វពពែ ហើយនៅទីបំផុត ត្រូវប្រពន្ធលែង និងរហូតទម្លាយចេញរឿងអាស្រូវ ក្នុងគ្រួសារខ្ទេចខ្ទីរ ទើបភ្ញាក់ដឹងខ្លួននឹកស្រណោះដល់ប្រពន្ធកូនជាទីស្រឡាញ់ តែអ្វីៗវាហួសពេលអស់ទៅហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









