ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀងបានរកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៨៨នាក់ តាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះ៨៣នាក់ជាកម្មករ កម្មការិនី រោងចក្រ។
សូមជម្រាបថា រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី២៨ ឧសភា ២០២១ រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន២៥នាក់។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ និងទីតាំងខាងលើ គិតចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដាន សុខភាព ។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជា ក្ដៅខ្លួន, ក្អក, កណ្ដាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ / ០៤៤ ៧១២ ៥២២ ។
ទន្ទឹមនេះ រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណ ដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបុគ្គលិក សុខាភិបាលដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួម សហការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍នៅក្នុងខេត្តស្វាយរៀង ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនជ្រាបជាព័ត៌មាន និង ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារតាមការណែនាំ របស់ក្រសួងសុខាភិបាល និងវិធានការទប់ស្កាត់ ការពារជំងឺកូវីដ-១៩ «៣ ការពារ ៣ កុំ» ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ



