ភ្នំពេញ ៖ ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានថវិកា ចំនួន ៤០០០ដុល្លារ និងម៉ាសចំនួន៣០០០បន្ទះ ជូនដល់សហគមន៍ខ្មែរកម្ពុជាក្រោម ដើម្បីរៀបចំពិធីបុណ្យរាប់បាត្រព្រះសង្ឃ១៩៤៩អង្គ និងប្រារព្ធទិវាកាន់ទុក្ខជាតិខ្មែរខួប៧២ឆ្នាំ (៤-៦-១៩៤៩ – ៤-៦-២០២១) ថ្ងៃអាណានិគមបារាំង បានផ្ទេរទឹកដីខ្មែរកម្ពុជាក្រោម ឲ្យអាណានិគមវៀតណាមត្រួតត្រាបន្តរហូតសព្វថ្ងៃ។
ដោយសាបញ្ហាជម្ងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ សហគមន៍ខ្មែរកម្ពុជាក្រោម បានលើកពេលប្រារព្ធទិវា ដែលគ្រោងធ្វើនៅថ្ងៃទី៤ ខែមិថុនា ទៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ វិញ។
លោកថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ដែលទើបទទួលបានសិទ្ធិធ្វើនយោបាយបានឲ្យដឹងថា លោក កង សេរីសោភ័ណ អនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជរាំង និងលោក ឡាច សុភាព ប្រធានពិធីការ និងសហការី កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បាននាំយកនូវព្រះរាជអំណោយដ៏ថ្លៃថ្លា ដែលជាព្រះរាជទ្រព្យផ្ទាល់ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន១០០០ដុល្លារ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលចំនួន ៣០០០ដុល្លារ និងម៉ាសចំនួន៣០០០បន្ទះ ជូនដល់សហគមន៍ខ្មែរកម្ពុជាក្រោម ដើម្បីរៀបចំពិធីបុណ្យរាប់បាត្រព្រះសង្ឃ១៩៤៩អង្គ និងប្រារព្ធទិវាកាន់ទុក្ខជាតិខ្មែរខួប៧២ឆ្នាំ (៤-៦-១៩៤៩ – ៤-៦-២០២១) ថ្ងៃអាណានិគមបារាំង បានផ្ទេរទឹកដីខ្មែរកម្ពុជាក្រោម ឲ្យអាណានិគមវៀតណាមត្រួតត្រាបន្តរហូតសព្វថ្ងៃ។

លោកថាច់ សេដ្ឋា បានបញ្ជាក់ថា ឆ្នាំនេះ ដោយសាបញ្ហាជម្ងឺឆ្លងរលាកផ្លូវដង្ហើម កូវីដ១៩ យើងខ្ញុំសម្រេចពន្យារពេល រហូតដល់ថ្ងៃទី២៧ខែមិថុនាវិញ ហើយប្តូរពីរាប់បាត្រព្រះសង្ឃ១៩៤៩អង្គ មកជាចែកអំណោយទាន ដល់ប្រជារាស្រ្តខ្មែររងគ្រោះ ដែលកំពុងប្រឈមនឹងការខ្វះខាត ចំនួន១៩៤៩គ្រួសារវិញផងដែរ។ ការប្រោសព្រះរាជទាននេះ គឺជាការបង្ហាញឲ្យឃើញយ៉ាងច្បាស់ នូវការប្រោសព្រះរាជទាន នូវភាពកក់ក្តៅ និងមហាកិត្តិយសដ៏ធំធេង ដល់ព្រះសង្ឃ និងប្រជានុរាស្រ្តខ្មែរកម្ពុជាក្រោម យ៉ាងពិតប្រាកដ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ