ខេត្តកណ្ដាល៖ នាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋមានវិវាទដីធ្លី រស់នៅក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានធ្វើការតវ៉ាបិទកំណាត់ផ្លូវជាតិលេខ១ ដោយខុសច្បាប់ ដើម្បីអោយអជ្ញាធរ ដោះលែងយុវជនម្នាក់ ដែលអជ្ញាធរបានឃាត់ខ្លួន ដើម្បីធ្វើការសាកសួររឿងវិវាទដីធ្លី កាលពីល្ងាចថ្ងៃទី30 ខែឧសភានេះ ។

ទទួលបានព័ត៌មានភ្លាម អាជ្ញាធរខេត្តកណ្ដាល ដឹកនាំដោយឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រះរាជអាជ្ញារងខេត្ត និងអាជ្ញាធរស្រុកកៀនស្វាយ បានចុះទៅធ្វើការសម្របសម្រួលជាមួយប្រជាពលរដ្ឋដល់ទីតាំងចំណុចបិទផ្លូវ ផ្ទាល់ប្រជាពលរដ្ឋក៏បានយល់ព្រមទទួលយកការសម្របសម្រួល និងត្រឡប់ទៅលំនៅឋានវិញ ដេីម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ នៅសាលាស្រុកកៀនស្វាយ។
សូមបញ្ជាក់ថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋរស់នៅភូមិបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាលរាប់រយនាក់ខឹងសម្បារនឹងអាជ្ញាធរ ចេញតវ៉ាបិទផ្លូវជាតិលេខ១ទាំងយប់ ករណីអាជ្ញាធរចាប់បុគ្គលម្នាក់ឈ្មោះ ហុង សុខ ទាំងយប់ ដោយសារបុគ្គលរូបនោះចេញមុខការពារដីធ្លីប្រជាពលរដ្ឋដែលកំពុងមានជម្លោះជាមួយបុគ្គលមានអំណាច៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ














