ភ្នំពេញ ៖ ប្រិយមិត្តអ្នកនិយមតាមដានព័ត៌មានសង្គម នៅលើអុិនធើណែត ប្រាកដណាស់ធ្លាប់បានដឹង និងសម្តែងការហួសចិត្តរួចហើយ ពីករណីកើតឡើងនៅក្នុងប្រទេសចិន ទាក់ទងនឹងទង្វើមនុស្សខូច ដើរចូលឡានគេ ហើយផ្តួលខ្លួនដេកស្តូកស្តឹង ដោយធ្វើជាមានគ្រោះថ្នាក់ ដើម្បីទទួលបានសំណងពីម្ចាស់ឡាន។

ដោយឡែក ថ្មីៗនេះ អ្វីដែលយើងនឹកស្មានមិនដល់នោះ គឺស្តាយបែបនេះ ស្រាប់តែបានកើតឡើងនៅស្រុកយើង គឺនៅខាងខេត្តបាត់ដំបង តែម្តង ដោយមានករណីស្រ្តីម្នាក់ ដើរសុខៗ ខណៈក្រឡេកឃើញឡានចូលមកដល់ ក៏ស្រាប់តែផ្តួលខ្លួន ដេកទៅនឹងដីស្តូកស្តឹងភ្លាមៗនៅពីមុខឡាន។ តែទោះយ៉ាងណា ខណៈពេលនោះ គឺចាត់ទុកជាសំណាងហើយ ដែលម្ចាស់ឡានបើកក្នុងល្បឿនយឺត ពុំនោះទេ អាចនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតជាក់ជាមិនខាន។
យ៉ាងណាមិញ ជាមួយនឹងទង្វើដ៏ចម្លែករបស់ស្រ្តីរូបនេះផងដែរ ម្ចាស់ឡានដែលមានពោលពាក្យទាំងហួសចិត្តថា៖ «លឺគេនិយាយ ១០០០ ដង មិនស្មើនិងឃើញផ្ទាល់នឹងភ្នែកម្តងមែន។ ចេះមកដេកយ៉ាងមានសណ្តាប់ធ្នាប់ មុខឡានឯង យី…. ឡា បល់ យ៎…»។

ទោះយ៉ាងណា យើងក៏មិនដឹងថា ស្រ្តីរូបនោះ មានបំណងខូចធ្វើរឿងនេះ ដើម្បីចង់ទារលុយពីម្ចាស់ឡាន ឬ យ៉ាងណានោះទេ ខណៈអ្នកខ្លះបានធ្វើការវិភាគថា បើថាខ្យល់គរដួលមិនទំនងទេ ព្រោះសភាពពេលខ្យលគរដួលរបៀបទន់ជើង ទន់ជង្គង់ ហើយដួលបោកមានទម្ងន់ តែនេះអត់ទេ។ តែបើថាចង់របៀបធ្វើដូចឡានប៉ះដួលក៏អត់ដែរ ព្រោះគាត់អត់រត់មកប៉ះឡាន។ តើគាត់កំពុងចង់ធ្វើអ្វីណ៎?។
តែយ៉ាងណា មហាជនជាច្រើន នាំគ្នាសម្តែងការហួសចិត្តថា៖ «ចុមនៅបាត់ដំបងតើ ស្មានថានៅចិន ចេះលេងក្បាច់ហ្នឹងទៀត ចៃដន្យអីមាន Camera ខ្ញុំ Prank លេងហ្នឹង ចង់ដឹងថាផ្លូវហ្នឹងវាក្តៅដូចមេឃអត់, ចេះសម្ដែងធ្វើតួឯកទៀតមីង គឺសមឡានបុកងាប់មែនទែន, ហេងហើយ ដែលម្ចាស់ឡានមានកាមេរ៉ា កុំអីវីវរ ជាប់ពីបទបុកបង្កគ្រោះថ្នាក់ទៀត,….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









