Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ អន្តរក្រសួង-ស្ថាប័ន សម្រាប់ចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាងរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំអន្តក្រសួង-ស្ថាប័ន ដើម្បីប្រមូលធាតុចូលលើជំពូក ស្តីពីបរិស្ថាននៅក្នុងសេចក្តីព្រាងឯកសារ ក្របខណ្ឌសម្រាប់ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា តាមប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះត្រូវបាន ដឹកនាំដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ព្រមទាំងមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្តមប្រធាន បានមានប្រសាសន៍ថា បញ្ហាបរិស្ថានគឺជាការទូតបៃតង ដែលកម្ពុជាតែងតែយកចិត្តទុកដាក់ ដើម្បីធ្វើឱ្យកម្ពុជាអាចអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងឱកាសនោះ អង្គប្រជុំបានផ្តល់ឱកាសឱ្យតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធដែលបានចូលរួម ផ្តល់ធាតុចូលដើម្បីបង្កើតបានជាជំហររបស់កម្ពុជា សម្រាប់ឆ្លើយតបទៅកាន់លេខាធិការអាស៊ានវិញ។

ជាមួយគ្នានោះ ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជម្រាបអង្គប្រជុំអំពីសាវតារ នៃការគ្រោងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាដាណា ព្រមទាំងបានជម្រាបជូននូវជម្រើសមួយចំនួន ដែលជាជំហរសម្រាប់អង្គប្រជុំពិចារណា ក្នុងការរៀបចំធាតុចូលសម្រាប់ស្វែងរកជំហររួមអាស៊ាន ដើម្បីឆ្លើយតបទៅភាគីកាណាដាវិញផងដែរ។

ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំបានថ្លែងអំណរគុណដល់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ដែលចូលរួមផ្តល់ធាតុចូល និងប្តេជ្ញាសហការគ្នា ដើម្បីធានាសម្រេចបាននូវភាពជោគជ័យរបស់កម្ពុជា ក្នុងការធ្វើសមាហរណកម្មថ្នាក់តំបន់ជាមួយកាណាដា ក៏ដូចជាបណ្តាប្រទេសដៃគូអាស៊ានផ្សេងទៀត៕រក្សាសិទ្ធិដោយ៖CEN

×