Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកគ្រូនាយកសាលាចូលនិវត្តន៍ ឡុញ នាង ទទួលបានជ័យលាភី ពីកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០

ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ៖ ជ័យលាភីនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ គឺជាលោកគ្រូនាយកសាលាចូលនិវត្តន៍វ័យ ៦០ឆ្នាំ ឡុញ នាង ដែលរៃអង្គាសប្រាក់ដើម្បីជួយកុមារក្រីក្រ និងកុមារកំព្រា ដើម្បីឱ្យពួកគេទទួលបានឱកាសបន្ដការសិក្សា។

លោកគ្រូ ឡុញ នាង ដែលបានត្រូវបានជ្រើសរើសដោយគណៈកម្មការដែលមានសមាសភាព ៣រូប ក៏រៃអង្គាសប្រាក់ជួយសហគមន៍របស់គាត់ផងដែរនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
លោកគ្រូត្រូវបានជ្រើសតាំងជាជ័យលាភីនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ ដែលត្រូវបានជ្រើសរើសក្នុងចំណោមបេក្ខជននិងបេក្ខនារីវគ្គផ្តាច់ព្រ័ត្រចំនួន ១០នាក់។ លោកគ្រូនឹងទទួលបានប្រាក់រង្វាន់ចំនួន ១០.០០០ដុល្លារ ព្រមទាំងពានរង្វាន់មួយផងដែរ។

ថ្លែងក្នុងពេលទទួលពានរង្វាន់របស់លោក លោកគ្រូ ឡុញ នាង បានមានប្រសាសន៍ថា៖ “ខ្ញុំបាទមានចិត្តរំភើបរីករាយរកអ្វីមកប្រៀបផ្ទឹមពុំបានទេ គឺថាខ្ញុំរំភើបណាស់មិនមែនរំភើបថានឹងទទួលបានជាពានរង្វាន់ឬជាប្រាក់អីទេ ប៉ុន្តែវាជាអំពើល្អដែលខ្ញុំបានខិតខំរយៈពេលជីវិតជាគ្រូបង្រៀន ៤០ឆ្នាំមកនេះត្រូវបានទទួលស្គាល់។ អ្វីដែលខ្ញុំទទួលបានលទ្ធផលថ្ងៃនេះ អ្វីដែលជោគជ័យក្នុងការជួយឧបត្ថម្ភសិស្សក្រីក្រនេះ គឺមានការសហការជាច្រើនជាមួយសហការី លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន សប្បុរសជន សហគមន៍ រួមទាំងព្រះសង្ឃផងដែរ ដោយបានចូលរួមខិតខំកៀរគរ ស្វែងរកថវិកាឧបត្ថម្ភដោយផ្តោតអារម្មណ៍ខ្លាំងទៅលើសិស្សក្រីក្រ ព្រោះថាសិស្សក្រីក្រនេះគឺជាមុខសញ្ញាមួយដែលងាយរងគ្រោះក្នុងការបោះបង់ការសិក្សា។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្មវិធីពលរដ្ឋគំរូ Smart ដែលបានជ្រើសរើសខ្ញុំជាជ័យលាភី”។

មុនពេលប្រកាសក្លាយជាអ្នកឈ្នះ លោកគ្រូ ឡុញ នាង បានថ្លែងថា លោកនឹងប្រើប្រាស់ប្រាក់រង្វាន់នេះដើម្បីជួយដល់សហគមន៍របស់លោក។ លោកបានបន្ថែមថា លោកក៏នឹងជួយគ្រូបង្រៀនក្រីក្រ និងសិស្សក្រីក្រផងដែរ។

កម្មវិធីពានរង្វាន់ពលរដ្ឋគំរូរបស់ក្រុមហ៊ុន Smart Axiata គឺជាផ្នែកមួយនៃយុទ្ធនាការ “ឆ្ពោះទៅមុខរួមគ្នា” របស់ក្រុមហ៊ុន ដែលមានគោលបំណងលើកស្ទួយសាមគ្គីភាពរវាងប្រជាពលរដ្ឋកម្ពុជាទាំងអស់នៅទូទាំងប្រទេស។ យុទ្ធនាការនេះក៏មានវីដេអូដ៏គួរឲ្យរំជួលចិត្តមួយ និងបទចម្រៀងមួយផងដែរ ដែលត្រូវបានបង្កើតឡើងយ៉ាងពិសេស ដោយមានការចូលរួមរបស់អ្នកចំរៀងលើ Pleng by Smart App សកម្មភាពទំនួលខុសត្រូវសង្គមផ្សេងៗទៀត និងពានរង្វាន់ពលរដ្ឋគំរូ Smart នេះ។

នៅក្នុងសុន្ទរកថាបើកកម្មវិធីវគ្គផ្តាច់ព្រ័ត្រ ដើម្បីស្វែងរកជ័យលាភីនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart នេះ លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “បើទោះជាយើងដឹងហើយថា នឹងមានអ្នកឈ្នះតែម្នាក់ក្តីនៅពេលយើងចាប់ផ្តើមកម្មវិធីនេះនៅខែធ្នូ ឆ្នាំមុន អ្វីដែលយើងបានរកឃើញនៅក្នុងពេលដំណើរការកម្មវិធីនេះគឺថា មានពលរដ្ឋកម្ពុជាជាច្រើនដែលកំពុងធ្វើអំពើល្អ និងសកម្មភាពល្អ ដើម្បីជួយដល់អ្នកដែលត្រូវការជំនួយនៅក្នុងសង្គម ហើយនេះគឺជាអ្វីដែលកម្មវិធីនេះចង់បាន ដោយទទួលស្គាល់អ្នកដែលលះបង់ជួយយកអាសារអ្នកដទៃ ជាពិសេសក្នុងអំឡុងពេលដ៏លំបាកបែបនេះ”។

គណៈកម្មការរបស់កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ គឺអ្នកគ្រូ នាង ផល្លា ដែលជាអតីតបេក្ខភាពមួយរូបក្នុងចំណោមបេក្ខភាពទាំង១០ រូបនៃពានរង្វាន់គ្រូបង្រៀនពិភពលោក និងជាគ្រូបង្រៀនសិស្សពិការភ្នែកដំបូងគេ លោក ពុយ គា អ្នកសារព័ត៌មានជើងចាស់មួយរូបនៅកម្ពុជា និងជាអ្នកឆ្លើយឆ្លងឲ្យទីភ្នាក់ងារព័ត៌មានក្យូដូរបស់ជប៉ុន និងលោកស្រី តេង សុផាន់ណា ជាប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន Smart Axiata។

លោក ពុយ គា តំណាងគណៈកម្មការទាំងបីរូបបានមានប្រសាសន៍ថា៖ “ពានរង្វាន់ពលរដ្ឋគំរូនេះ នឹងជះឥទ្ធិពលធំណាស់ដល់សង្គមទាំងមូល តាមរយៈការរួមចំណែកពីបុគ្គលម្នាក់ៗដែលអាចធ្វើបាន ទោះបីជាជីវភាពខ្លួនឯងជួបការលំបាកក៏ដោយ ក៏នៅតែអាចធ្វើអំពើល្អជាគំរូដល់អ្នកដទៃ ហើយគំរូបែបនេះនឹងអង្រួនទឹកចិត្តយុវជន និងអ្នកដែលមានលទ្ធភាព និងធនធានឲ្យចូលរួមជួយសង្គមកាន់តែច្រើនៗឡើង”។

ក្នុងរយៈពេល ៦ខែនៃដំណើរការកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart នេះ អ្នកជ្រើសតាំងត្រូវបានអនុញ្ញាតឱ្យជ្រើសតាំងបេក្ខជនបេក្ខនារីតែមនុស្សប៉ុណ្ណោះ ហើយអ្នកជ្រើសតាំងត្រូវបានស្នើឱ្យផ្តល់ព័ត៌មានទំនាក់ទំនងលម្អិតរបស់អ្នកដែលត្រូវបានជ្រើសតាំង និងការពិពណ៌នាសង្ខេបអំពីអំពើល្អដែលអ្នកដែលត្រូវបានជ្រើសតាំងបានធ្វើ។ ប្រជាពលរដ្ឋកម្ពុជារាប់រយនាក់បានជ្រើសតាំងអ្នកដែលពួកគេយល់ឃើញថាបានធ្វើអំពើល្អ។

អ្នកដែលត្រូវបានជ្រើសតាំងដែលសាកសមបំផុតត្រូវបានទាក់ទងដោយអ្នករៀបចំកម្មវិធី ដើម្បីស្វែងរកព័ត៌មានបន្ថែមអំពីប្រវត្តិ និងអំពើល្អដែលជួយឱ្យពួកគេត្រូវបានជ្រើសតាំង។ ក្រោយមក អ្នករៀបចំកម្មវិធីបានចេញផ្សាយព័ត៌មានលម្អិតរបស់អ្នកដែលត្រូវបានជ្រើសតាំងទាំងនោះ។

យុទ្ធនាការនេះក៏រួមមានពានរង្វាន់ប្រជាប្រិយភាពផងដែរ ដែលត្រូវបានសម្រេចដោយការបោះឆ្នោតពីសាធារណៈជន។ ជ័យលាភីពានរង្វាន់ប្រជាប្រិយភាពរបស់កម្មវិធីពានរង្វាន់ពលរដ្ឋគំរូស្មាតឆ្នាំ២០២០ បានទៅលើអ្នកនាង សឿង សុថារី ដែលនឹងទទួលបានប្រាក់រង្វាន់ ចំនួន ១.០០០ដុល្លារ។

អ្នកនាង សឿង សុថារី បានជាប់ជាបេក្ខនារីដែលមានប្រជាប្រិយភាពនេះ ដោយសារការងាររបស់គាត់ពាក់ព័ន្ធ នឹងការការពារបរិស្ថាន ការផ្សព្វផ្សាយអំពីបរិស្ថាន ការបង្កើតផលិតធុងសំរាមបរិស្ថានពីសម្បកកង់រថយន្តចាស់ៗ និងការជួយយកអាសារដល់ចាស់ជរា។
យុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata បានចាប់ផ្ដើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងការចេញផ្សាយវីដេអូ «ឆ្ពោះទៅមុខរួមគ្នា»។ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ក៏បានចាប់ផ្តើមនៅខែវិច្ឆិកា ឆ្នាំ២០២០ ផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។

អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!

ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
www.smart.com.kh

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
លោក គាំ ទីវា
ទូរស័ព្ទ៖ +855 10 202 271
អីុមែ៉ល៖ koam.tivea@smart.com.kh៕

×