ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅភ្នំពេញ ចំនួនជាង២លាននាក់ហើយ ទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ស្របតាមការកំណត់ របស់រាជរដ្ឋាភិបាល គិតត្រឹមថ្ងៃ២៩ឧសភានេះ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ចាប់ពីថ្ងៃទី១៨កុម្ភៈ រហូតមកដល់ថ្ងៃទី២៩ឧសភាឆ្នាំ២០២១ ប្រជាពលរដ្ឋនៅភ្នំពេញចំនួន២០៩៥៥៩៩នាក់ហើយ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ក្នុងនោះ តួលេខនៅថ្ងៃទី២៨ ឧសភា មានចំនួន២០១០៥៩៤នាក់ និងនៅថ្ងៃទី២៩ឧសភា កើនឡើងចំនួន២០៩៥៥៩៩នាក់។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌរាជធានីភ្នំពេញ តែងបានចុះធ្វើការត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំង និងបានជំរុញឱ្យ ក្រុមការងារ ក្រុមគ្រូពេទ្យ និងអាជ្ញាធរដែនដី សម្រុកចាក់ឱ្យបានលឿន ដើម្បីឱ្យការចាក់វ៉ាក់សាំងនេះ បានគ្រប់គ្នា សម្រាប់អ្នករស់នៅភ្នំពេញ យ៉ាងយូរបំផុត ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ ស្របតាមការកំណត់ របស់រាជរដ្ឋាភិបាល ដើម្បីកាត់ផ្តាច់ឱ្យបាន នូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ






