ស្រ្តីម្នាក់នៅក្នុងប្រទេសវៀតណាម ពិតជាអររំភើបជាខ្លាំង នៅពេលបានរកឃើញប្តីរបស់ខ្លួនវិញ ដែលបានបាត់ដំណឹងសូន្យឈឹងអស់រយៈពេល ១១ ឆ្នាំ តាមរយៈវីដេអូមួយ ដែលគេចែករំលែកនៅលើបណ្តាញសង្គម Tik Tuk។
ថ្មីៗនេះ អ្នកប្រើប្រាស់បណ្តាញសង្គម នៅក្នុងប្រទេសវៀតណាម ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានឃើញគណនីហ្វេសប៊ុកឈ្មោះ Nguyen Anh Tuyet វីដេអូ Tik Tuk មួយបានបង្ហាញបុរសអនាថាម្នាក់ ដែលតែងដើរកាត់មុខផ្ទះរបស់អ្នកស្រី នៅខេត្ត Tuyen Qunag ភាគខាងជើងនៃប្រទេសវៀតណាម។

អ្នកស្រី Tuyet បានសរសេរថា ស្រ្តីម្នាក់នៅក្នុងស្រុក Thanh Son នៃខេត្ត Phu Tho បានទាក់ទងមកអ្នកស្រី ដោយបាននិយាយថា បុរសអនាថានោះ ដែលមានអាយុ ៤៥ ឆ្នាំ នៅក្នុងវីដេអូហ្នឹង គឺជាប្តីរបស់នាង។ ស្រ្តីនោះក៏បានស្នើឲ្យអ្នកស្រី Tuyet ជួយឆែកមើល ថាតើបុរសនោះមានចាក់សាក់នៅលើទ្រូងរបស់គាត់ដែរ ឬទេ។
អ្នកស្រី Tuyet បានប្រកាសតាមលើហ្វេសប៊ុក ដោយភ្ជាប់រូបថតបុរសនោះ ដែលត្រូវបានផ្ញើឲ្យដោយ ប្រពន្ធរបស់គាត់មានអាយុ ៥១ ឆ្នាំ ឲ្យដឹងទៀតថា «ប្រសិនបើបងប្អូនបានឃើញបុរសនោះនៅទីណា សូមជួយផ្តល់ដំណឹងឲ្យខ្ញុំផង ខ្ញុំនឹងទៅទីនោះភ្លាមៗ ហើយហៅគ្រួសាររបស់គាត់មក។ ខ្ញុំសង្ឃឹមថា គាត់ពិតជាកំពុងបាត់បុរសនោះ ដូច្នេះ គាត់អាចជួបជុំជាមួយមនុស្សជាទីស្រឡាញ់របស់គាត់វិញ»។

ស្រ្តីជាប្រពន្ធ បានប្រាប់អ្នកស្រី Tuyet ថា «ប្រសិនជាគាត់មែន ខ្ញុំពិតជាមានសំណាងខ្លាំងណាស់! សូមជួយខ្ញុំផង ខ្ញុំកំពុងតាមស្វែងរកគាត់ច្រើនឆ្នាំហើយ ប៉ុន្តែ មិនអាចរកឃើញនោះទេ។ បុរសអនាថាក្នុងវីដេអូនេះ គឺពិតជាស្រដៀងគាត់ណាស់»។
ប៉ុន្មានម៉ោងក្រោយមក អ្នកស្រី Tuyet បាន Live នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបង្ហាញថា បុរសនោះគឺពិតជាមានស្នាមសាក់ នៅលើទ្រូងរបស់គាត់ប្រាកដមែន។ ភ្លាមៗនោះ ស្ត្រីជាភរិយាបានធ្វើដំណើរទៅកាន់ខេត្ត Tuyen Quang ហើយបានបញ្ជាក់ថា បុរសនោះគឺជាប្តីរបស់នាង ដែលបានចាកចេញពីនាងកាលពី ១១ ឆ្នាំមុន នៅពេលដែលកូនស្រីរបស់ពួកគេទើបតែមានអាយុ ២ ឆ្នាំ។

ស្រ្តីជាប្រពន្ធបាននិយាយថា ប្តីរបស់នាង មានបញ្ហាសុខភាព ហើយក្រុមគ្រួសារចំណាយពេលច្រើនឆ្នាំ ដើម្បីតាមស្វែងរក ប៉ុន្តែគ្មានតម្រុយសោះ។
តែយ៉ាងណា នៅទីបំផុត បុរសនោះត្រូវបានគេនាំទៅកាន់ស្រុកកំណើតវិញ នៅឯខេត្ត Phu Tho ដែលជាកន្លែងគាត់នឹងត្រូវបានត្រួតពិនិត្យ និងបញ្ជាក់ដោយអាជ្ញាធរមូលដ្ឋាន។
រឿងរ៉ាវនេះបានធ្វើឱ្យអ្នកនិយមលេងអុិនធឺណេត មានការភ្ញាក់ផ្អើលជាខ្លាំង ដែលអ្នកខ្លះបានហៅវាថាជាអព្ភូតហេតុ។ ពួកគេបានសរសើរដល់អ្នកស្រី Tuyet ដែលបានជួយប្រពន្ធរកប្តីឃើញបានរស់ជួបជុំគ្នាវិញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង














