ស្ត្រីម្នាក់នៅខេត្ត Bac Giang ភាគខាងជើងនៃប្រទេសវៀតណាម ត្រូវបានពិន័យជាប្រាក់ចំនួន ១០ លានដុង (ស្មើ ៤៣៤ ដុល្លារ) ពីបទបដិសេធធ្វើចត្តាឡីស័ក និងរារាំងខ្លួនឯងនៅផ្ទះ កាលពីដើមសប្តាហ៍នេះ។
យោងតាមសារព័ត៌មាន vnexpress បានចុះផ្សាយឲ្យដឹងថា ស្ត្រីអាយុ ៤៤ ឆ្នាំម្នាក់ និងឪពុករបស់នាង ដែលត្រូវបានអាជ្ញាធរបញ្ជាក់ថា បានប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដម្នាក់ ត្រូវបានគេប្រាប់ឱ្យធ្វើចត្តាឡីស័កនៅថ្ងៃទី ២៦ ខែឧសភា ប៉ុន្តែ មានតែធ្វើលិខិតទទួលការយល់ព្រមប៉ុណ្ណោះ។

តែទោះយ៉ាងណា នៅទីបំផុត ស្រ្តីរឹងរួសរូបនេះ បានបដិសេធទៅធ្វើចត្តាឡីស័ក និងបានព្យាយាមឡើងទៅជាន់ទី៣ នៃផ្ទះរបស់នាង ហើយចាក់សោរទ្វារមិនឲ្យអាជ្ញាធរ និងក្រុមគ្រូពេទ្យចូល។
ក្រោយព្យាយាមនិយាយបញ្ចុះបញ្ចូលអស់រយៈពេលប្រហែល ៥ ម៉ោង ក្រុមមន្រ្តីបានសម្រេចចិត្តប្រើឡានស្ទួច ដើម្បីបញ្ជូនមនុស្សទៅកាន់ជាន់ទី៣ និងបានបំបែកទ្វារ ចូលទៅអូសនាងឡើងឡានពេទ្យទៅកន្លែងធ្វើចត្តាឡីស័កទាំងយប់តែម្តង។

អ្នកស្រី Nguyen Hai Yen ប្រធានគណៈកម្មាធិការប្រជាជននៃតំបន់ Tran Nguyen Han Ward បាននិយាយថា “ទោះបីជាតេស្តរកជំងឺ Covid-19 ភ្លាមៗទៅលើស្រ្តីនោះ លទ្ធផលបានលេចចេញអវិជ្ជមានក៏ដោយ ក៏នាងត្រូវតែនៅដាច់ឆ្ងាយពីគេ រយៈពេល ២១ ថ្ងៃ។
អ្នកស្រី Nguyen Hai Yen ក៏បានឲ្យដឹងថា «ស្រ្តីរូបនោះ បានបដិសេធបរិភោគ និងផឹកទឹក ហើយកំពុងបង្កភាពច្របូកច្របល់ នៅក្នុងកន្លែងធ្វើចត្តាឡីស័ក»។

គួរបញ្ជាក់ថា ចាប់តាំងពីរលក Covid ចុងក្រោយបង្អស់បានចាប់ផ្តើមផ្ទុះឡើង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ មក ខេត្ត Bac Giang បានក្លាយជាចំណុចក្តៅមួយដែលមានអ្នកឆ្លង ១,៨៨១ នាក់ ឬច្រើនជាងពាក់កណ្តាល នៃចំនួនសរុបនៅក្នុងប្រទេសប្រទេស៕ រក្សាសិទ្ធិដោយ៖ លឹម ហុង












