ព្រះសីហនុ ៖ គិតត្រឹមខែឧសភា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានសាងសង់សម្រេច ៦០%ហើយ។ ក្រោយពេលសាងសង់រួចរាល់ គម្រោងនេះនឹងជាផ្នែកមួយដ៏សំខាន់ក្នុងការជួយលើកស្ទួយដល់សេដ្ឋកិច្ច ប្រទេសកម្ពុជា។ នេះបើតាមប្រភពពីផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ។
តាមរបាយការណ៍របស់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿននេះ ឱ្យដឹងថា ការស្ថាបនាផ្លូវក្រាលបេតុងលើខ្សែផ្លូវទាំងមូល បានចាប់ផ្តើមជាផ្លូវការហើយ ខណៈស្ពានអាកាសផ្លាស់ប្តូរទិសទីមួយ នៃការិយាល័យគ្រប់គ្រងគម្រោងទី៣ នៃគម្រោងផ្លូវនេះបានបញ្ចប់ការដំឡើងរួចរាល់ជាស្ថាពរ។ ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ដោយតភ្ជាប់ពីភូមិទី១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិទី១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ពោលគឺឆ្លងកាត់រាជធានីភ្នំពេញ (ប្រវែង ៨,៣០គ.ម) ខេត្តកណ្តាល (ប្រវែង ៩,១០គ.ម) ខេត្តកំពង់ស្ពឺ (ប្រវែង ៨០,៨០គ.ម) ខេត្តកោះកុង (ប្រវែង ១,៩២គ.ម) និងខេត្តព្រះសីហនុ (ប្រវែង ៨៩,៨៩គ.ម)។ ផ្លូវនេះមានទទឹងតួសរុប ២៤,៥ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ហើយគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គ.ម ទៅ ១២០គ.ម ក្នុងមួយម៉ោង។

ជាប្រវត្តិសាស្រ្តលើកទី១របស់កម្ពុជា ដែលបាននិងកំពុងសាងសង់ផ្តើមស្ថាបនាល្បឿនលឿនភ្នំពេញ ភ្ជាប់ទៅកាន់ក្រុងព្រះសីហនុ ដែលជាផ្លូវដ៏សំខាន់ក្នុងការសម្រួលការដឹកជញ្ជូន និងសមាហរណកម្មផ្ទៃក្នុងកម្ពុជា។ តើអ្វីជាគោលដៅនៃការសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជា យោងតាមឯកសាររបស់ក្រសួងសាធារណការ និងដឹក្ជញ្ជូនបានឲ្យដឹងថា គោលបំណងនៃគម្រោងសាងសង់ផ្លូវល្បឿនលឿននៅកម្ពុជាគឺដើម្បី ទី១ សមាហរណកម្មក្នុងតំបន់ (ទាំងក្នុងអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ) ក៏ដូចជាពិភពលោកទាំងមូល។
ជួយតភា្ជប់បណ្តាញដឹកជញ្ជូនក្នុងតំបន់ពីប្រទេសមួយទៅប្រទេសមួយទៀត ដើម្បីលើកកម្ពស់សមត្ថភាពដឹកជញ្ជូនកម្ពុជាឲ្យសមស្រប ទៅតាមការអភិវឌ្ឍបែបសាកលភាវូបនីយកម្ម។ ទី២ បង្កើនតុល្យភាពនៃការអភិវឌ្ឍដែនដី ដោយផ្សារភ្ជាប់រាជធានីភ្នំពេញជាមួយនឹងទីរួមខេត្តនានា និងជាមាគ៌ាឆ្ពោះទៅកាន់ពិភពលោក ៖ បង្កើនសមត្ថភាពដឹកជញ្ជូននិងលើកកម្ពស់ប្រសិទ្ធភាពផ្នែកភស្តុភារនៅក្នុងប្រទេសពិសេស ពីភ្នំពេញទៅបណ្តាខេត្តនានា ដើម្បីធ្វើឲ្យនៅតាមខេត្តមានភាពរីកចម្រើនបានឆាប់រហ័ស។ ទី៣ ពង្រឹងនិងកែលម្អស្ថានភាពចរាចរណ៍នៅកម្ពុជាៈ ផ្លូវល្បឿនលឿនមានសមត្ថភាពខ្ពស់ ក្នុងការទទួលបន្ទុកយានយន្តធ្ងន់ៗ បម្រើសេវាកម្មបានល្អនិងអាចទាក់ទាញយានយន្តនានា ដែលចរាចរតាមផ្លូវជាតិ។
កត្តានេះនឹងជួយសម្រាលការខូចខាត ហើយកាត់បន្ថយស្ថានភាពមមាញឹកនៅតាមផ្លូវជាតិទៀតផង។ គម្រោងផ្លូវល្បឿនលឿនអាទិភាពសម្រាប់កម្ពុជា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ(Phnom Penh-Sihanoukville Expressway)ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ជាខ្សែផ្លូវថ្មីទាំងស្រុង ដែលមានប្រវែងសរុបប្រហែល ១៩០,៦៣៣ គ.ម។ ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៤ម៉ែត្រ ក្រាល AC មានសួនច្បារខណ្ឌកណ្តាល ចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មកផ្លូវជាតិលេខ៤ ចំនួន ៧កន្លែង មានស្ពានវែង-មធ្យម ៥៦កន្លែង ប្រវែង ៤.៤១៧ម៉ែត្រ ស្ពានខ្លី ៣៣កន្លែង ប្រវែង ៧៥០ម៉ែត្រ ស្ពានរំលង ៣២១កន្លែង កន្លែងឈប់សម្រាក ៣កន្លែង និងហេដ្ឋារចនាសម្ព័ន្ធសំណង់សេវាគាំទ្រជាច្រើនទៀត។ ការវិនិយោគលើ គម្រោងផ្លូវល្បឿនលឿននេះ ត្រូវអនុវត្តតាមទម្រង់សាងសង់-ប្រតិបត្តិ-ផ្ទេរ (BOT) ដោយប្រើប្រាស់រយៈពេល សាងសង់ចំនួន៤៨ខែ។ គម្រោងសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ -ខេត្តព្រះសីហនុ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សម្បទានកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកលី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ ប្រជាមានិតចិន។

គម្រោងនេះវិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុនខេមបូឌាន ភីភីអេសអេចវី អិចប្រេសវ៉េ (Cambodian PPSHV Expressway Co., Ltd ) ត្រួតពិនិត្យ និងផ្តល់ការប្រឹក្សាបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Minconsult SDN BHD ដោយប្រើប្រាស់ថវិកាវិនិយោគប្រមាណជិត ២ពាន់លានដុល្លារអាមេរិក និងប្រើប្រាស់ថវិកាបដិភាគ ដែលជាហិរញ្ញប្បទានឥតសំណងពិសេសរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រមាណ ១៥០លានដុល្លារអាមេរិក ដែលត្រូវប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ ដោយគិតចាប់ផ្តើមពីខែមីនា ឆ្នាំ២០១៩ និងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
