Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំលើកទី១ របស់ក្រុមការងារសម្របសម្រួលចម្រុះ កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានបញ្ចប់


ភ្នំពេញ ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កិច្ចប្រជុំលើកទី១ របស់ក្រុមការងារសម្របសម្រួលចម្រុះ (Joint Coordinating Task Force – JCTF) កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានប្រព្រឹត្តទៅតាមប្រព័ន្ធ VTC នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ និងបានបញ្ចប់នៅម៉ោង ១០ និង៤០ នាទី។

ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានធ្វើការប្រកាសសមាសភាពក្រុមការងារ និងបានធ្វើការផ្លាស់ប្តូរឯកសារនិយាមនីតិវិធីប្រតិបត្តិ (SOP) សម្រាប់ដំណើរការការងាររបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ។ ក្នុងកិច្ចប្រជុំនេះ សហប្រធានភាគីកម្ពុជានៃក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ក៏បានបញ្ជាក់ផងដែរថា រាល់សកម្មភាពដោះមីនមនុស្សធម៌មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរឡើយ ដែលកិច្ចការងារព្រំដែននេះស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការចំរុះព្រំដែន (JBC) កម្ពុជា-ថៃ ។

គួររំលឹកផងដែរថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងស្របតាមស្មារតីនៃលទ្ធផលកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា៕

គួររំលឹកផងដែរថា ចំពោះកិច្ចការងារដោះមីនមនុស្សធម៌នេះ ព្រះរាជាណាចក្រកម្ពុជាបានខិតខំប្រឹងប្រែងអនុវត្តសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ តាំងពីឆ្នាំ១៩៩២ មកម្ល៉េះ។ ជាលទ្ធផល ក្នុងរយៈពេល ៣៣ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានបន្ថយចំនួនជនរងគ្រោះដោយសារគ្រាប់មីនពី ៤០០០នាក់ ក្នុងមួយឆ្នាំក្នុងទសវត្ស ៩០ មកនៅក្រោម ១០០នាក់ក្នុងមួយឆ្នាំ នៅឆ្នាំ២០២០ និងបានរំដោះផ្ទៃដីប្រមាណ ៣ ៣០៧ គីឡូម៉ែត្រការ៉េ និងបំផ្លាញគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៤.៣ លានគ្រាប់។ បន្ថែមពីនេះ កម្ពុជាជាប្រទេសដែលបានប្រែក្លាយខ្លួនពីប្រទេសរងគ្រោះដោយសារសង្គ្រាម និងគ្រាប់មីន ទៅជាប្រទេសចូលរួមយ៉ាងសកម្មរក្សាសន្តិភាពពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងចូលរួមបោសសម្អាតមីននៅប្រទេសដែលរងគ្រោះដោយសារសង្គ្រាមផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×