ភ្នំពេញ ៖ ឯកឧត្ដម ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ទទួលមរណភាពហើយ នៅរសៀលថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២១នេះ។ នេះយោងតាមគណនីហ្វេសប៊ុក លោកស្រី តឹក អមរា ដែលត្រូវជាកូនបង្កើត ឯកឧត្តម ត្រាំ អុីវតឹក។
សូមបញ្ជាក់ថា ឯកឧត្ដម ទេសរដ្ឋមន្ត្រី ត្រាំ អុីវតឹក គឺជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ជាអតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
លោក ហុក រិទ្ធី នាយកខុទ្ទកាល័យរបស់ លោក ត្រាំ អ៉ីវតឹក បានបញ្ជាក់ថា លោក ត្រាំ អ៉ីវតឹក បានទទួលមរណភាពមែន នៅរសៀលថ្ងៃទី០១ ខែមិថុនានេះ ប៉ុន្តែលោកមិនបញ្ជាក់ថា ទទួលមរណភាពដោយរោគាពាធ ឬយ៉ាងណានោះទេ ដោយទុកជូនក្រុមគ្រួសារសពជូនដំណឹងជាផ្លូវការ។
លោក ត្រាំ អ៉ីវតឹក អាយុ៧២ឆ្នាំ គឺជាអតីតរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងអតីតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ និងទូរគមនាគមន៍។ បច្ចុប្បន្នក្នុងតំណែងជាទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស លោក ត្រាំ អ៉ីវតឹក ក៏ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងផងដែរ។
មន្ដ្រីជាន់ខ្ពស់ដែលជាក្រុមការងាររបស់ទេសរដ្ឋមន្ដ្រី ត្រាំ អ៉ីវតឹក បានបញ្ជាក់ថា លោក ត្រាំ អ៉ីវតឹក បានដាក់ច្បាប់ឈប់សម្រាកពីការងាររយៈពេលជាង១ខែមកហើយ ដើម្បីទៅសម្រាកព្យាបាលសុខភាពនៅក្រៅប្រទេស។
បើតាមលោក ហុក រិទ្ធី បច្ចុប្បន្នសពរបស់ទេសរដ្ឋមន្ដ្រី ត្រាំ អ៉ីវតឹក កំពុងតម្កល់ធ្វើបុណ្យនៅគេហដ្ឋាន ក្បែរមន្ទីរពេទ្យខេមម៉ា ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោក សួន សេរីរដ្ឋា ក្នុងនាមជា អនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកំពង់លែង ក៏បានបង្ហោះសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ ទេសរដ្ឋមន្ដ្រី ត្រាំ អ៉ីវតឹក ផងដែរ។ លោកបានចាត់ទុកថា ការទទួលមរណភាពរបស់ទេសរដ្ឋមន្ដ្រី គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូបផងដែរ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ